ដោយៈសរិទ្ធ / ភ្នំពេញៈ បុរសម្នាក់ ដែលចាប់នារីវ័យ១៦ឆ្នាំម្នាក់ បង្ខាំងទុក រួចរំលោភ សេពសន្ថវៈ ព្រមទាំងទូរស័ព្ទជំរិតទារប្រាក់ ពីក្រុមគ្រួសារ ចំនួន ១០លានរៀល ផងនោះ បានត្រូវតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
បុរសរូបនេះ ឈ្មោះ សៅ ប្រុស ហៅ បញ្ញា អាយុ៣៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួល ផ្លូវលំ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកនារី រងគ្រោះ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍ ពីអធិការដ្ឋាននគរបាល ខណ្ឌកំបូល នៅថ្ងៃទី២០ ខែធ្នូ កន្លងទៅ ថ្មីៗនេះ បានបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានករណីបង្ខាំងមនុស្ស ជំរិតទារ ប្រាក់ និងរំលោភសេពសន្ថវៈ នៅចំណុចតាមផ្លូវលំ ស្របផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់ កន្ទោក ខណ្ឌកំបូល ។
ក្រោយពីបានទទួលពាក្យបណ្ដឹង ពីម្ដាយរបស់នារីរងគ្រោះ ថាមានគេទូរស័ព្ទជំរិតទារប្រាក់ ចំនួន ១០ លានរៀល ជាថ្នូរនឹងការដោះលែង កូនស្រីរួចមក កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយ ការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌដង្កោ ចុះស្រាវជ្រាវ រហូតដល់ម៉ោង ១១:៣០នាទី ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ទើបឃាត់ខ្លួន ជនសង្ស័យបាន នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និងបានរំដោះនារី ដែលជាជនរងគ្រោះ ចេញពីការបង្ខាំង បានដោយសុវត្ថិភាព ៕/V-PC