ដោយៈ ទេព មង្គល / ភ្នំពេញៈ សំដៅលើការគាំទ្រគម្រោងស្រូវ មិត្តភាព សង្គ្រោះសត្វ ព្រៃនោះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ កាលបីថ្ងៃទី ២៣ ធ្នូ ក្នុងពិធីសម្ពោធក្រុមហ៊ុន អាយប៊ីសរ៉ាយស៍ ខន់សើវសិន នៅរាជធានីភ្នំពេញថាៈ ” គម្រោងស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ ជាឧត្តមានុវត្តមួយនៃយន្តការ ការទូទាត់សេវា បរិស្ថាន ដែលមានការចូលរួមពី សហគមន៍មូលដ្ឋាន នៅក្នុងតំបន់ការពារធម្មជាតិ ដោយបានរួមចំណែក ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះនៅកម្ពុជា “។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគាំទ្រចំពោះល័ក្ខខ័ណ្ឌ ដែលគម្រោងស្រូវមិត្តភាព សង្គ្រោះសត្វព្រៃ (ឬស្រូវត្រយងយក្ស ឬ ស្រូវអាយប៊ីស) អនុវត្តតាមគោលការណ៍ សរីរាង្គសំខាន់ៗ ដែលផ្សារភ្ជាប់ ជាមួយនឹងការគោរព បទដ្ឋានបរិស្ថាន និងការការពារ ធនធានធម្មជាតិ។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់អង្គការ WCS អង្គការសន្សំម្លប់ព្រៃ ក្រុមហ៊ុនអាយប៊ីសរ៉ាយស៍ និង ដៃគូដែលបានយកគម្រោងនេះ មកអនុវត្តជាមួយ ប្រជាកសិករ ដែលរស់នៅក្នុងតំបន់ ការពារធម្មជាតិ និង បានលើកទឹកចិត្ត ឱ្យគម្រោងបន្តពង្រីកសកម្មភាព ទៅតំបន់ផ្សេងៗទៀត ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងការបង្កើនកេរ្ត៍ឈ្មោះ ផលិតផល ស្រូវត្រយងនៅលើ ទីផ្សារក្នុងស្រុក និងនាំចេញទៅអន្តរជាតិ កាន់តែច្រើន។
លោក កែន សេរីរដ្ឋា នាយកកម្មវិធីប្រចាំប្រទេស នៃអង្គការសមាគមអភិរក្សសត្វព្រៃ នៅកម្ពុជា (WCS) បានឱ្យដឹងថាៈ ការអនុវត្តគម្រោងស្រូវត្រយង អនុវត្តទទួលបាន ជោគជ័យ នៅដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ខេត្តព្រះវិហារ និងដែនជម្រកសត្វព្រៃ សៀមប៉ាង នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងបន្ទាប់មកបានទៅដល់ដែនជម្រក សត្វព្រៃ កែវសីមា ខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន ផលិតផលស្រូវត្រយង រួមមាន អង្ករអាយប៊ីស អាហារសម្រន់អាប៊ីស និងនំដុតអាយប៊ីស ត្រូវបានផលិត និងនាំយកទៅលក់នៅលើទី ផ្សារធំៗ ក្នុងស្រុក និងទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ថា គម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ បានកំណត់ឱ្យកសិករទាំងអស់ គោរពតាមគោលការណ៍ សរីរាង្គចំនួន ១២ ចំណុច ក្នុងនោះមាន គោរពគោលការណ៍ សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិត មួយចំនួនទៀត គោរពទៅនឹងគោលការណ៍ដាំដុះ តាមបទដ្ឋានបច្ចេកទេស និងមិនកាប់រានដីព្រៃបន្ថែម ព្រមទាំងត្រូវចូលរួមការពារ និងអភិរក្សសត្វព្រៃ។ បើអនុវត្តបាន កសិករមានសិទ្ធិពេញ លេញ ក្នុងការលក់ស្រូវ ជូនគម្រោង ក្នុងតម្លៃលើសទីផ្សារ៕/V-PC