ដោយៈ អង្គារ៍ហេង / ភ្នំពេញៈ ជនសង្ស័យម្នាក់ បានកាច់សោ-កម៉ូតូ ពីផ្ទះប្រជាពលរដ្ឋ បានសម្រេច ជិះរត់គេចខ្លួន តែត្រូវបានម្ចាស់ផ្ទះ ស្រែកថា ចោរៗ ភ្លាមនោះ ត្រូវបាន សមត្ថកិច្ច ឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗ កាលពីវេលាម៉ោងជាង ៩ យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
បើតាមការរៀបរាប់ ពីជនសង្ស័យ បានឲ្យដឹងថាៈ មុនដំបូង ជនសង្ស័យ បានដើរតាមផ្លូវ ក៏ឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3660 ម្ចាស់ផ្ទះចតទុក នៅមុខផ្ទះ នៅចំណុចផ្លូវ ១០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដោយមានឱកាសល្អ ជនសង្ស័យ បានលបលួចកាច់សោម៉ូតូ បានសម្រេច តែត្រូវម្ចាស់ផ្ទះ បានឃើញទាន់ស្រែកថា ចោរៗ ផ្អើលដល់សមត្ថកិច្ច ដេញចាប់បានតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង សោសម្រាប់កាច់ ក ម៉ូតូ ១ដើម យកទៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។ ចំណែកម៉ូតូជន រងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យម្ចាស់យកទៅប្រើប្រាស់វិញ ជាធម្មតា៕/V-PC