ប្រែសម្រួល : កញ្ញាដាលីស ៖ លីអូនែល ម៉េសស៊ីបានបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតច្រើនបំផុតរបស់ប៉េឡេសម្រាប់ក្លិបរបស់អ្នកទាំងពីរ ដោយស៊ុតចូលគ្រាប់ទី៦៤៤សម្រាប់ Barcelonaកាលពីថ្ងៃអង្គារទី២២ធ្នូ ខណៈ Atl. Madrid ផ្តួល Sociedad ២-០ ដើម្បីបង្កើនការនាំមុខក្នុងលីកកំពូលអេស្ប៉ាញ។
ម៉េសស៊ី ដែលជួយ Barcelona ឈ្នះ ៣-០ ទៅលើម្ចាស់ផ្ទះ Valladolid បានស៊ុតស្មើកំណត់ត្រាគ្រាប់បាល់របស់ប៉េឡេកាលពីថ្ងៃសៅរ៍កន្លងទៅ។ គ្រាប់បាល់អាជីពចំនួន ៦៤៣ របស់គាត់សម្រាប់ Barcelona ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០០៤ បានស្មើគ្រាប់បាល់សរុបរបស់ប៉េឡេសម្រាប់ក្រុម Santos ពីឆ្នាំ ១៩៥៧ដល់ឆ្នាំ១៩៧៤។
គ្រាប់បាល់ទី៦៤៤របស់ម៉េសស៊ីកើតឡើងពីការបញ្ជូនបាល់ពីកីឡាករអាយុ ១៨ ឆ្នាំ ឈ្មោះ ប៉េត្រូ “ប៉េទ្រី” ហ្គនសាឡេស។
ម៉េសស៊ីបានសរសេរលើ Instagram ថា “នៅពេលខ្ញុំចាប់ផ្តើមលេងបាល់ ខ្ញុំមិនដែលគិតថាខ្ញុំនឹងបំបែកឯតទគ្គកម្មណាមួយនោះទេ ជាពិសេសឯតទគ្គកម្មរបស់ប៉េឡេតែម្តង។ខ្ញុំសូមអរគុណដល់អ្នកដែលបានជួយខ្ញុំច្រើនឆ្នាំមកនេះ គឺ មិត្តរួមក្រុមរបស់ខ្ញុំ គ្រួសាររបស់ខ្ញុំ មិត្តរបស់ខ្ញុំ និងអ្នកដែលគាំទ្រខ្ញុំរាល់ថ្ងៃ”៕
កាលពីថ្ងៃអង្គារ ម៉េសស៊ីស៊ុតចូលគ្រាប់ទី ៦៤៤ សម្រាប់ក្លិបតែមួយរបស់គាត់ បំបែកកំណត់ត្រារបស់ប៉េឡេ