Home ព័ត៌មានជាតិ សន្តិសុខ ​ប្អូនប្រុស ប...

​ប្អូនប្រុស បាញ់​បងប្រុស​បង្កើត នៅ​ក្រុង​តាខ្មៅ ត្រូវ​តុលាការ​ឃុំខ្លួន​

ដោយៈ​ស​រិ​ទ្ធ​/​កណ្តាលៈ ប្អូនប្រុស ដែល​បាញ់​បងប្រុស​បង្កើត​មួយ​គ្រាប់ បណ្តាលអោយ​រងរបួស​ធ្ងន់ធ្ងរ បាន​ត្រូវ​លោក ជួន វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​ក្រោម​ការចោទប្រកាន់​ពីបទ​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន តាម​មាត្រា​២៧ និង​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ។​

​ការបាញ់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នេះ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​លោក​វរ​ស​នី​យ៍​ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ថ្លែង​ប្រាប់ថា ជនសង្ស័យ​ជា​ប្អូនបង្កើត​មានឈ្មោះ ឆាយ សា​លាភ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ​មុខរបរ មិន​ពិតប្រាកដ​។ ចំណែក ជនរងគ្រោះ ឈ្មោះ ឆាយ សៀម​មី អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ​ភូមិ​កា​ហេ ឃុំ​កា​ហេ ស្រុក​កងមាស ខេត្តកំពង់ចាម ។​

​ប្រភព​ដដែល​បាន​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​ជាម​នុស្ស​ប្រើប្រាស់​គ្រឿងញៀន​ហើយ​តែងតែ​ឈ្មោះ​គ្នា​ជាមួយ​ប្រពន្ធ ដោយ​ប្រពន្ធ​ជា​អ្នករកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​។ លុះ​មកដល់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ជនសង្ស័យ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​របស់ខ្លួន ពេលនោះ ជនរងគ្រោះ​បាន​ចូលទៅ​ជួយ​សម្របសម្រួល ឲ្យ​ឈប់​ឈ្លោះ​គ្នា តែ​ពេលនោះ​ជនសង្ស័យ​បែរជា​ខឹង​ថា ជនរងគ្រោះ​ចេះដឹង​រឿង​ប្តី​ប្រពន្ធ​របស់គាត់​ចង់​បំបែក​បាក់ ប្តី​ប្រពន្ធ​គាត់ ។ លុះ​មកដល់​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ​ពី​ខេត្តកំពង់ចាម ឲ្យ​ឡើង​មកជួប​នៅផ្ទះ​របស់ខ្លួន​នៅ​ភូមិ​ព្រែក​ខ្សេវ សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដើម្បី​និយាយ​គ្នា​បន្តិច ។​

​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ជិះ​ម៉ូតូ​ឡើងមក​ជួប​ជនសង្ស័យ​តាម​ការ​ណាត់ តែ​នៅពេល​មកដល់​មិនទាន់បាន​និយាយ​អ្វី​ផង ក៏ត្រូវ​ជនសង្ស័យ​ដក​កាំភ្លើងខ្លី​ម៉ា​កឡុក​បាញ់​ជនរងគ្រោះ​ត្រូវចំ​ក្រោម​ក្លៀក​ខាងស្តាំ​ធ្លាយ​គ្រាប់​ទៅក្រោយ​មាន​របួសស្នាម​យ៉ាងធ្ងន់ធ្ង​រ ហើយ​ជនសង្ស័យ​បាន រក​បាញ់ ឪពុកក្មេក តែ​មិន​ផ្ទុះ និង​ប្រតាយប្រតប់​គ្នា​ជ្រុះ​កាំភ្លើង ត្រូវ​ឪពុកក្មេក ដណ្តើម​យកបាន ហើយ​ជនសង្ស័យ​បាន គេច​រួច​ឡើង​ជិះ​ម៉ូតូ Scoopy ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ​-9941 ជិះ​ឡើងមក​ភ្នំពេញ​រួច​គេចខ្លួន​ទៅ​ខេត្តស្វាយរៀង តែ​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួនបាន​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular