Home ព័ត៌មានអន្តរជាតិ ត្រាំ​គំរាម​ទ...

ត្រាំ​គំរាម​ទាត់​ចោល​កញ្ចប់​ថវិកា​សង្គ្រោះ

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​វ៉ាស៊ីនតោន ៖ ប្រធានាធិបតី​ដូណាល់​ត្រាំ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ទី​២២​ធ្នូ​បាន​គំរាម​ទាត់​ចោល​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​សម្រាប់​ជំងឺ​រាតត្បា​តទ្រង់​ទ្រាយ​ធំ​របស់​សភា​ចំពេល​ជំងឺ​​កំពុង​ឆ្លង​រាតត្បាត​ខ្លាំង​និង​ភាពមិនច្បាស់លាស់​ខាង​សេដ្ឋកិច្ច​កាន់តែ​ផុង​ជ្រៅ ដោយ​គាត់​ទាមទារ​ឱ្យមាន​ការកែប្រែ​មួយចំនួន ។​

​នៅក្នុង​វីដេអូ​មួយ​ដែល​លោក​បាន​ចែករំលែក​នៅលើ Twitter កាលពី​យប់​ថ្ងៃ​អង្គារ លោក​ត្រាំ​បាន​គំរាម​ទាត់ចោល​នូវ​កញ្ចប់​ថវិកា​ដែល​យល់ព្រម​ដោយ​បក្ស​ទាំងពីរ​ចំនួន​៩០០​ពាន់​លាន​ដុល្លារ​ហើយ​បាន​​លើក​ថា លោក​ប្រហែល​ជា​មិន​ចុះ​ហត្ថលេខា​លើ​វា​ទេ​។ លោក​ថា​ច្បាប់​ថវិកា​សង្គ្រោះ​នេះ​នឹង​ប្រគល់​ប្រាក់​ច្រើន​ពេក​ឱ្យ​ទៅ​បរទេស ប៉ុន្តែ​មិន​ឱ្យ​គ្រប់គ្រាន់​ដល់​ជនជាតិ​អាម៉េរិក​។​

​ច្បាប់​នេះ​ផ្តល់ប្រាក់​ចំនួន ៦០០ ដុល្លារ​ដល់​ជនជាតិ​អាម៉េរិក​ភាគច្រើន ប៉ុន្តែ​លោក​ត្រាំ​និយាយថា​លោក​កំពុង​ស្នើសុំ​ឱ្យ​សភា​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ហើយ “​បង្កើន​កម្រិត​ប្រាក់​ដ៏​ទាប​គួរឱ្យ​អស់សំណើច​ពី ៦០០ ដុល្លារ​ទៅ ២.០០០ ដុល្លារ​ឬ ៤.០០០ ដុល្លារ​សម្រាប់​គូ​ស្វាមីភរិយា​មួយគូ​។ ខ្ញុំ​ក៏​ស្នើសុំ​ឱ្យ​សភា​ជម្រះ​ចោល​នូវ​សមាសធាតុ​ខ្ជះខ្ជាយ​និង​មិន​ចាំបាច់​ចេញ​ពី​ច្បាប់​នេះ​និង​ផ្ញើឱ្យ​ខ្ញុំ​នូវ​ច្បាប់​ស័ក្តិសម​មួយ​”​។​

​កញ្ចប់​ថវិកា​សង្គ្រោះ​នេះ​គឺជា​ផ្នែក​មួយ​នៃ​ច្បាប់​ដែល​សម្រុះសម្រួល​យ៉ាង​លំបាក រួម​ទាំង​ថវិកា​ចំនួន ១,៤​លាន​លាន​ដុល្លារ​សម្រាប់​ផ្តល់​មូលនិធិ​ដល់​ទីភ្នាក់ងារ​រដ្ឋាភិបាល​រហូតដល់​ខែ​កញ្ញា​និង​ផ្ទុក​នូវ​អា​​ទិភា​ពចុង​សម័យ​ប្រជុំនានា​ដូចជា​ប្រាក់ស​ម្រាប់​ប្រព័ន្ធ​ឆ្លងកាត់​ដែល​ខ្សត់​សាច់ប្រាក់ ការបង្កើន​អត្ថប្រយោជន៍​ផ្នែក​ចំណីអាហារ និង ប្រហែល ៤​ពាន់​លាន​ដុល្លារ​ទៀត​ដើម្បី​ជួយ​ប្រទេស​ដទៃ​ទៀត​ក្នុងការ​​ផ្តល់​វ៉ាក់សាំង​ការពារកូ​វីដ​១៩ សម្រាប់​ប្រជាជន​របស់​ពួកគេ​។​

​ប្រធាន​សភា​លោក​ស្រី ណាន់​ស៊ី ប៉េ​ឡូ​ស៊ី បាន​ឆ្លើយតប​យ៉ាង​រហ័ស​ចំពោះ​សារ Twitter របស់​លោក​ត្រាំ​ដោយ​និយាយ​ថា​ឱ្យ​តែ​ហ៊ាន​សូម​អញ្ជើញ​បបួល​ពួក​សមាជិក​សភា​បក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​​ឱ្យបំពេញ​ការទាមទារ​របស់​លោក​ត្រាំ​ឯង​ឱ្យ​បាន​ទៅ​។ លោកស្រី​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា “​ចុង​ក្រោយ​ប្រធានាធិបតី​បាន​យល់ព្រម​លើ​ចំនួន​ទឹកប្រាក់ ២.០០០ ដុល្លារ​ហើយ​។​ក្រុម​​ប្រជាធិបតេយ្យ​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​នាំ​យក​រឿង​នេះ​ទៅ​រដ្ឋសភា​នៅ​សប្តាហ៍​នេះ ដោយមាន​ការយល់ព្រម​ជា​ឯកច្ឆន្ទ​។ សូម​ធ្វើ​វា​ឱ្យបាន​!”៕

លោក​ត្រាំ​គំរាម​មិន​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​ថវិកា​សង្គ្រោះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular