ដោយៈ ជា សីហៈ/ភ្នំពេញៈ ឥស្សរជន និងបញ្ញាវន្ត២៣ រូបបានចូលបំពេញមុខងារ នៅគណ:ប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។
ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាក្រុមប្រឹក្សាជាតិមួយ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ជាប្រធានកិត្តិយស និងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធាន រួមជាមួយអនុប្រធាន និងសមាជិកសរុបទាំងអស់ ចំនួន៣៨ រូប។
លោក ចម ប្រសិទ្ធ បានចាត់ទុកឥស្សរជន និងបញ្ញវន្ត ដែលត្រូវ បានតែងតាំងទាំងអស់ គឺជាធនធានខួរក្បាល របស់ជាតិ ដ៏សំខាន់ ពីព្រោះ អ្នកទាំងអស់គ្នាសុទ្ធតែ ទទួលបាន ការទំនុកបម្រុងគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីបានទៅបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាក្នុងមុខជំនាញផ្សេងៗគ្នាទាំងក្នុង និងក្រៅប្រទេស ។
លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថានេះ ជាឱកាសរបស់ឥស្សរជន និងបញ្ញវន្តទាំងអស់គ្នា ក្នុងការបញ្ចេញចំណេះជំនាញ និងបទពិសោធន៍ដែលខ្លួនបានសិក្សារៀនសូត្រ កន្លងមក សម្រាប់ចូលរួមបម្រើជាតិ មាតុភូមិ និងពលរដ្ឋ ស្របពេលដែលប្រទេសជាតិ ក៏ដូចជា ពិភពលោក កំពុងមានការវិវឌ្ឍន៍ខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រ និងបដិវត្តន៍ឧស្សាកម្មជំនាន់ ៤.០ ។
លោក ចម ប្រសិទ្ធ បានរំលឹកផងដែរថា កាលពី១០ឆ្នាំមុន រាជរដ្ឋាភិបាលបានបង្កើត ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា និងបានបំពេញការងារបានមួយជំហ៊ាន ហើយផងដែរ ក៏ប៉ុន្តែ យើងមិនទាន់ប្រមូលផ្តុំបាននូវកំលាំងធនធានរួមរបស់យើង សម្រាប់ធ្វើការងារនេះឲ្យចំគោលដៅ និងស្របនិងនិន្នាការវិវឌ្ឍន៍ដ៏ឆាប់រហ័សនាពេល បច្ចុប្បន្ន ។ ដូច្នេះហើយ ទើបនៅចុងឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាល ក្រោមចក្ខុវិស័យដ៏ មុតស្រួច បានដាក់ចេញនូវគោលនយោបាយមួយទាក់ទងការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ពីឆ្នាំ ២០២០ -២០៣០ ហើយក៏ សម្រេចប្តូរឈ្មោះអតីតក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ទៅជាក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីឲ្យមានក្បាលម៉ាស៊ីនដឹកនាំច្បាស់លាស់ រួចធ្វើការប្រមូលផ្តុំអ្នកវិទ្យាសាស្ត្រ ទាំងអស់ ដែលនៅស្ថាប័នផ្សេងៗគ្នា ចូលក្នុងបញ្ជីសារពើភ័ណ្ឌមួយ សម្រាប់អង្គុយរួមគ្នា ធ្វើការ ។
លោកទេសរដ្ឋមន្ត្រីសង្ឃឹមថា ឥស្សរជន និងបញ្ញវន្ត ដែលត្រូវតែងតាំងទាំងអស់នឹង សម្រួចចំណេះជំនាញរបស់ខ្លួនដែលបានខិតខំសិក្សារួចហើយ ទោះកន្លងមក អ្នកខ្លះ ធ្វើការខុសមុខជំនាញរៀនសូត្រ ក៏ដោយ តែពេលនេះជាឱកាសក្នុងការបំពេញការងារ ជូនជាតិប្រកប ដោយមោទនភាព ពីព្រោះរាជរដ្ឋាភិបាល បានលើកទឹកចិត្តតែងតាំង ក្នុងមុខនាទីមួយដ៏ខ្ពង់ខ្ពស់តាមបទពិសោធន៍ ចំណេះ ជំនាញ និងសញ្ញបត្រដែលខ្លួនមាន គឺបានតែងតាំងចាប់ពីឋាន:ស្មើរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកឡើងទៅ ៕/PC