ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សោ
នាមសព្ទ
ប្រដាប់ធ្វើ ដោយដែកឬស្ពាន់ មានមេមានកូន សម្រាប់ចាក់បិទត្រង់កន្លែង សម្រាប់បើកបិទ ( មានទ្វារជាដើម ) មិនឲ្យបើកបាន
មេសោ, កូនសោ, ចាក់សោ ។
គុណសព្ទ
គម្រក់; ល្ងង់; មិនបានការ
គំនិតសោ ។ អ្នកស្រុកខ្លះប្រើពាក្យ សោ ថា ខ្សោយកម្លាំង: ខ្ញុំវាសោណាស់ទៅហើយ ដើរទៅទៀតពុំកើតទេ ។
សោក
នាមសព្ទ
( បា. ; សំ. ឝោក ) សេចក្ដីឈឺផ្សាចិត្ត; សេចក្ដីសង្រេង; សេចក្ដីស្ដាយស្រណោះ ឬ ស្ដាយអាល័យ
មានសោក, រម្ងាប់សោក ។ ខ្មែរប្រើជា កិ. ក៏មាន “ស្ដាយស្រណោះ, ស្ដាយអាល័យ” : សោកកូនដែលស្លាប់, សោកទ្រព្យដែលលាញ ( ព. កា. ប្រើជា សោកា ក៏មាន ) ។ យំសោក យំស្ដាយស្រណោះ។ សោយសោក ទទួលរងសេចក្ដីស្ដាយស្រណោះ ។ សោកសៅ ឬ សៅសោក សោកទាល់តែសៅសម្បុរ, សោកសង្រេង, សោកជ្រប់ខ្លាំង ។ ល ។ ( ម. ក្នុង ព. ស្ដាយ ផង ) ។
នាមសព្ទ
ឈ្មោះឈើមួយប្រភេទ ស្លឹកខ្ចីសម្បុរសភាវ ផ្កាសម្បុរក្រហមប្រឿង ក្លិនស្រដៀងនឹងផ្កាអម្ពិល, ស្លឹកខ្ចីប្រើជាអន្លក់បាន, ផ្កាប្រើស្លម្ជូរ ឬជ្រក់បាន
ដើមសោក ជាឈើមានលំអ គួរដាំក្នុងវត្តអារាម ( បា. អសោក; គួរហៅតាមនាមនេះវិញ ) ។
សោកត្រោក
គុណសព្ទ
រខាក, រយាក
ជញ្ជាំងស្លឹកសោកត្រោក, រោងប្រក់ស្លឹកសោកប៉ត្រោក ។
សោកមម៉ោក
គុណសព្ទ
ទ្រុបទ្រុលសុកមម៉ុក ( ច្រើនប្រើ សោកម៉ោក ជាង )
ព្រៃសោកម៉ោក ។
សោកៀ
គុណសព្ទ
( ព. សា. ) គម្រក់ក្រៃពេក, ដែលមិនបានការសោះ, សោសិ
គំនិតសោកៀ, របស់សោកៀ ។