Home ព័ត៌មានសំខាន់ៗ ប្រព័ន្ធធារាស...

ប្រព័ន្ធធារាសាស្ត្រ ល្អ​ដាច់​គេ នៅ​កម្ពុជា បានបញ្ចប់​ការសាងសង់​

ដោយៈ ប​.​ខុន/ភ្នំពេញៈ ប្រព័ន្ធធារាសាស្ត្រ​លំហាច ដែល​សាងសង់ឡើង ដោយ​ថវិកា បានមកពី​ប្រទេស​ជប៉ុន ក្នុង​គម្រោង​កែលម្អ និង​ស្តារឡើងវិញ ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ភាគ​ខាងលិច បឹង​ទន្លេសាប បាន​រួចរាល់​ជា​ស្ថាពរ​ហើយ ជា​ប្រព័ន្ធ មាន​លក្ខណៈ គ្រប់​ជ្រុងជ្រោយ​បំផុត អាច​និយាយបានថា នៅក្នុង​ប្រទេស​កម្ពុជា គឺ​មានតែ​គម្រោង​មួយ​នេះ ដែល​ល្អ​ផុត​គេ​។​

​លោក ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម ជានា​យក គម្រោង​កែលម្អ និង​ស្តារឡើងវិញ នៃ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ភាគ​ខាងលិច បឹង​ទន្លេសាប បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ បន្ទាប់ពី​បាន ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​រួម (Joint Site Inspection) មាន​តំណាង​ទីប្រឹក្សា បច្ចេកទេស​គម្រោង , តំណាង​ក្រុមហ៊ុន សាងសង់​អន្តរជាតិ​, មន្ត្រី​អង្គភាព​គ្រប់គ្រង​គម្រោង និង​ប្រធាន​មន្ទី​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ឆ្នាំង នៅ​ការដ្ឋាន​សាងសង់​ប្រព័ន្ធ​ធា​រា សាស្ត្រ លំហាច ស្ថិតក្នុង​ស្រុក​បរិបូ​ណ៍ ទឹកផុស និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​២២ ធ្នូ រួចមក​ថា ប្រព័ន្ធ​លំហាច មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​បំផុត​ដែល​អាច និយាយបានថា ល្អ​គ្មាន​ពីរ នៅក្នុង​ប្រទេស​កម្ពុជា ពេលនេះ បាន​សាងសង់​រួច​ជា​ស្ថាពរ តាម​ការគ្រោងទុក​ហើយ​។​

​លោក​ប្រធាន​គម្រោង ខាងលើ បានបញ្ជាក់​ថាៈ គម្រោង​កែលម្អ និង​ស្តារឡើងវិញ នៃ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក ភាគ​ខាងលិច បឹង​ទន្លេសាប មាន​៦ អនុ​គម្រោង គឺ​លំហាច នៅក្នុង​ខេត្តកំពង់ឆ្នាំង​, វត្ត​ជ្រៃ​, វត្ត​លួង​, ដំណាក់​អំពិល ក្នុង​ខេត្តពោធិសាត់​, រាម​គុណ​, ប្រឡាយ​ប៉ូ ក្នុង​ខេត្តបាត់ដំបង ដែល​ប្រើប្រាស់​ដោយ​ថវិកា ជំនួយ​ពី​ប្រទេស​ជប៉ុន បាន​រួចរាល់​អស់ហើយ នៅសល់តែ​ការងារ​សម្អាត​។​

​លោក ពេជ្រ វាសនា បាន​និយាយ​ឱ្យដឹងទៀតថាៈ គម្រោង​លំហាច ដែលថា មាន​លក្ខណៈ គ្រប់​ជ្រុងជ្រោយ​នេះ គឺមាន​ប្រឡាយ​ស្រោចស្រប (​បង្ហូរទឹក​ចូលដល់ ស្រែ​) និង​មាន ប្រឡាយ​ដោះ​ទឹក (​បញ្ចេញ​ទឹក ពី​ក្នុង​ស្រែ​) មាន​ប្រឡាយ​មេ ប្រឡាយ​រង​សាងសង់ ពី​បេតុង ទ្វារ​ទឹក ត្រូវបាន​បញ្ជា​បិទ​បើក ដោយ​ប្រព័ន្ធ​ភ្លើង មាន​ផ្លូវ​ត្រី ឡើង​ចុះ (​នៅតាម​ទ្វារ​ទឹក​) មាន​សួនច្បារ នៅតាម​តំបន់​ទ្វារ​ទឹក មាន​ភ្លើង​បំភ្លឺ បម្រើ​ដល់​ការ​មកលេង​កម្សាន្ត​រប​ស់ ប្រជាពលរដ្ឋ នៅក្នុង​តំបន់ និង​មកពី​ចម្ងាយ ព្រោះ​ប្រព័ន្ធ​នេះ វា​ដូចជា​តំបន់​ទេសចរណ៍​ថ្មី​។​

​លោក​អនុរដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ គម្រោង​ទាំងមូល បាន​រួចរាល់​ហើយ តែ​មិនទាន់ ដល់ពេល ត្រូវប្រគល់​ឱ្យមក​ក្រសួង គ្រប់គ្រង​នៅឡើយ​ទេ គឺ​គ្រប់គ្រង​បន្ត​ដោយ​ក្រុមហ៊ុន សាងសង់ រយៈពេល​មួយឆ្នាំ​ទៀត ដើម្បី​កែលម្អ​កន្លែង ដែល​នៅមាន​ការខ្វះខាត និង បង្រៀន​ពី​របៀប​ថែទាំ ប្រើប្រាស់​ឧបករណ៍ ដែល​បាន​បំពាក់ នៅ​ប្រព័ន្ធធារាសាស្ត្រ​នេះ​។​

​គម្រោង​នេះ បានចាប់ផ្តើម ធ្វើការ​សាងសង់ កាលពី​ខែមីនា ឆ្នាំ​២០១៦ គ្រោង​បញ្ចប់​នៅ ចុងខែ​ធ្នូ ឆ្នាំ​២០២០ គិត​ត្រឹម​ថ្ងៃ​២២ ធ្នូ ការងារ សម្រេចបាន ១០០​ភាគរយ លើ​ទំហំ​ការងារ សរុប របស់​គម្រោង ដែល​រួមមាន​ដូចជា សំណង់​ក្បាលហុង​ទឹក (Headworks) ចំនួន​មួយ កន្លែង​, សំណង់​នាំ​ទឹក (Intake) ចំនួន​មួយកន្លែង , សាងសង់​ប្រឡាយ​មេ​បេតុង​ចំនួន​មួយ ខ្សែ ស្មើ​ប្រវែង ១៦,៤០ គីឡូម៉ែត្រ , សាងសង់​ប្រឡាយ​ថ្នាក់​ទី​២ ពី​បេតុង ចំនួន ១៣ ខ្សែ ស្មើ​ប្រវែង ៤២,៥០ គីឡូម៉ែត្រ , សាងសង់​ប្រឡាយ​ដោះ​ទឹក ចំនួន ១៥ ខ្សែ ស្មើនឹង​ប្រវែង ៥២,៩០ គីឡូម៉ែត្រ​, សាងសង់​ប្រឡាយ​ថ្នាក់​ទី​៣ ចំនួន ៩៤ ខ្សែ ស្មើនឹង​ប្រវែង ៦២ គីឡូម៉ែត្រ , សាងសង់​សំណង់​សិល្បការ ចំនួន ៥៥៧ កន្លែង​, សាងសង់​សំណង់ អគារ​សហគមន៍ កសិករ​ប្រើប្រាស់​ទឹក មួយកន្លែង​។​

​អនុ​គម្រោង​លំហាច ក្រោយពេល​សាងសង់​រួច អាច​ផ្គត់ផ្គង់​ទឹក សម្រាប់​ការស្រោចស្រព លើ​ផ្ទៃដី​ដំណាំ​ស្រូវវស្សា ចំនួន ៣.២៨៩ ហិកតា និង​សម្រាប់​ការប្រើ ប្រាស់​ក្នុង​ជីវភាព​រស់ នៅ​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ក្នុង​តំបន់​គម្រោង ប្រមាណ​ជា មួយ​ពាន់​គ្រួសារ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular