Home ព័ត៌មានសំខាន់ៗ កម្ពុជា​-​វៀត...

កម្ពុជា​-​វៀតណាម ប្តេជ្ញាចិត្ត​ក្នុងការ​គោរព និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ស្តីពី​ព្រំដែន

​ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម ភាគី​ទាំងពីរ​បានបញ្ជាក់ ជាថ្មី នូវ​ការប្តេជ្ញាចិត្ត ក្នុង​ការគោរព និង​អនុវត្ត​ឱ្យបាន ពេញលេញ នូវ​បណ្តា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង ស្តីពី​ព្រំដែន ដែល​បាន​ចុះហត្ថលេខា រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​លើកទឹកចិត្ត ដល់​គណៈកម្មការ​ចម្រុះ ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក (JBCs) នៃ​ប្រទេស​ទាំងពីរ ឱ្យធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ និង​ពិភាក្សា យ៉ាងសកម្ម ដើម្បី​ស្វែងរក ដំណោះស្រាយ ដែល​អាច​ទទួលយកបាន ទាំងសងខាង ដោយ​អនុលោម តាមច្បាប់ អន្តរជាតិ ចំពោះ​ព្រំដែន​គោក ចំនួន ១៦% ទៀត ដែល​ពុំទាន់​បាន​ខណ្ឌសីមា នៅឡើយ​។

​ការបញ្ជាក់​នេះ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា -​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភាគី​វៀតណាម ដឹកនាំ​ដោយ​លោក ផាម ប៊ិ​ញ​មិ រដ្ឋមន្ត្រីការបរទេស​វៀតណាម ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​។​

​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លោក​ឧបនាយក រដ្ឋមន្ត្រី​ប្រាក់ សុខុន និង​លោក ផាម ប៊ិ​ញ​មិញ បាន​ចុះហត្ថលេខា លើ​កំណត់ហេតុ នៃ​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​វៀតណាម និង​បាន​ផ្លាស់ប្តូរ លិ​ខិ​តូប​ករ​ណ៍ នៃ​ការផ្ដល់​សច្ចាប័ន លើ​សន្ធិសញ្ញា បំពេញបន្ថែម លើ​សន្ធិសញ្ញា​កំណត់ ព្រំដែន​រដ្ឋ ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម ឆ្នាំ​២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម វៀតណាម​។​

​ភាគី​ទាំងពីរ បាន​អបអរសាទរ ចំពោះ​កិច្ចសហប្រតិបត្តិការ ដ៏​មាន​ប្រសិទ្ធភាព និង​ការជួយ គាំទ្រ​គ្នា ទៅវិញទៅមក ក្នុងការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ រាតត្បាត​កូ​វីដ​-១៩ ស្រប​ពេលដែល​កំពុង​ខិតខំ រក្សា​លំហូរ​ពាណិជ្ជកម្ម នៃ​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការ វិនិយោគ​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ ផ្នែក​នយោបាយ និង​សន្តិសុខ ភាគី​ទាំងពីរ បាន​គូសបញ្ជាក់ ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម ក្នុងការ​សម្របសម្រួល​ជំហរ នៅក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ជាពិសេស នៅក្នុង​អាស៊ាន និង​អង្គការសហប្រជាជាតិ​។​

​ភាគី​វៀតណាម បាន​សម្តែង​នូវ​អំណរគុណ ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ ដែល​ភាគី​កម្ពុជា បានផ្ដល់​ដល់​ប្រទេស​វៀតណាម ក្នុងអំឡុងពេល​ធ្វើជា ប្រធាន​អាស៊ាន ឆ្នាំ​២០២០ និង​បាន​សន្យា​ផ្ដល់​ការគាំទ្រ ដល់​កម្ពុជា ក្នុងការ​រៀបចំ​ឱ្យបាន​ជោគជ័យ នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ឆ្នាំ​២០២១ និង​នៅពេល​កម្ពុជា ធ្វើជា​ប្រធាន អាស៊ាន ឆ្នាំ​២០២២​។​

​ភាគី​ទាំងពីរ បាន​ឯកភាព​ពង្រឹង កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ទៅវិញទៅមក​នៅ​ថ្នាក់ តំបន់ និង​អន្តរជាតិ បន្ត​សម្របសម្រួល ក្នុងការ​ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្ម​ឆ្លងដែន​បទល្មើស ដែល​បាន​គ្រោងទុក និង​បទល្មើស​អ៊ី​ន​ធឺ​ណែ​ត និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​យន្តការ​សម្រាប់ ការផ្លាស់ប្តូរ​ព័ត៌មាន នៅ​គ្រប់​វិស័យ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular