ដោយ: សុផល / ភ្នំពេញ: ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ ដើម្បីរំលេចពីខួប ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។វីដេអូនៃការសម្តែងសៀកនេះ ត្រូវបានចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ។
វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការយល់បន្ថែមទៀតក្នុងចំណោមប្រជាជនវ័យក្មេង អំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។
ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និងផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវិធីជាច្រើនតាមប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រិយមិត្តរបស់ខ្លួន៕