នាយ​អាវុធហត្ថ​បារាំង​ជួយ​ហ្វឹកហ្វឺន​ជំនាញ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា​សម្រាប់​បេសកកម្ម​អ ស​.​ប​.

1249
ចែករម្លែក

​ដោយៈ​យោធិន​/ ភ្នំពេញ ៖ នាយ​អាវុធហត្ថ​បារាំង​ចំនួន​ពីររូប បាន​មកជួយ​ហ្វឹកហ្វឺន​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា នូវ​មុខវិជ្ជា​ជំនាញ​អាវុធហត្ថ សម្រាប់​បង្កើន​កម្រិត​សមត្ថភាព​ឲ្យ​ដល់​កងយោធពល​ខេមរភូមិន្ទ ក្នុងការ​បំពេញបេសកកម្ម​រក្សា​សន្តិភាព របស់ អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.)​ដោយ​ផ្តោត​ជាពិសេស​ក្នុង​សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ដែល​កងរាជអាវុធហត្ថ​មួក​ខៀវ​កម្ពុជា​បាននិងកំពុង បំពេញបេសកកម្ម​នាពេល​បច្ចុប្បន្ននេះ​។​

​ក្នុងឱកាស​អញ្ជើញ​ចូលជួប​សំដែង​ការគួរសម​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ វ៉ាន់​ថា អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​នា​ក្រុងភ្នំពេញ​។

​លោក​វរសេនីយ៍ទោ Therry Vighes មកពី​ស្ថាប័ន​កងឯកភាព​កងកិត្តិយស ការពារ​សន្តិសុខ​ប្រធានាធិបតី​បារាំង មានមុខ​ដំណែង​ជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ការពារ​នៅ​ទ្វីបអាហ្វ្រិក ធ្លាប់បាន​ឆ្លងកាត់​បេសកកម្ម​នៅ​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​ទ្វីបអាហ្វ្រិក​រួមមានៈ​កូ​សូ​វ៉ូ កូ​ឌី​វ័រ រ្វាន់​ដារ​…​និង​សហការី​មួយរូប​ជា​ព្រិន្ទបាលទោ ដែល​ធ្លាប់បាន​ឆ្លងកាត់​បេសកកម្ម​នៅ​ប្រទេស​ម៉ាលី​ផង​នោះ បាន​សន្យាថា នឹង​នាំយក​បទពិសោធន៍​ទាំងនេះ​មក​ផ្តល់ជូន​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា តាមរយៈ​ការហ្វឹកហ្វឺន​ដែលមាន​រយៈពេល​មួយខែ ។​

​លោក​វរសេនីយ៍ទោ យោធា​ចា​រ្យ​បារាំង​បានលើកឡើង​ថាៈ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ​ខាងលើនេះ នឹង​ចាប់ផ្តើម​ដំណើរការ​ពីថ្ងៃ​ទី​២៤ ខែមេសា ដល់​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ដោយមាន​ការបណ្តុះបណ្តាល​ទាំង​ផ្នែក​ទ្រឹស្តី និង​អនុវត្ត​ជាក់ស្តែង​លើ​ទីលាន​ផងដែរ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ វ៉ាន់​ថា បាន​ថ្លែង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ភាគី​កងទ័ព​បាំង ដែលជា​និច្ចកាល​តែង​បាន​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិស័យ​ធនធានមនុស្ស​ឲ្យ​ដល់​កងយោធពល​ខេមរភូមិន្ទ និង​ជាពិសេស​ការជួយ​បណ្តុះបណ្តាល ផ្នែក​ជំនាញ​យោធា និង​ផ្នែក​ភាសា​បារាំង ដែល​ភាគី​កងទ័ព​បារាំង​បាននិងកំពុង​បន្ត​អនុវត្ត​ជា​រៀងរាល់ឆ្នាំ​រយៈកាល​កន្ល​ង​ទៅ រហូតមក​ទល់នឹង​ពេលបច្ចុប្បន្ន​នេះ​។​

​ក្នុង​កិច្ច​សំណេះសំណាល​នេះដែរ​ក្នុងនាម​តំណាង នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុ វ៉ាន់​ថា បាន​ពាំនាំ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ និង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​ជូន​ដល់​យោធា​ចា​រ្យ​បារាំង ព្រមទាំង​ឆ្លើយតប​តាម​សំណូមពរ​របស់​យោធា​ចា​រ្យ​សម្រាប់​ដំណើរ​ទស្សនកិច្ច​ប្រាង្គ​ប្រាសាទ​អង្គរ​ក្នុងអំឡុងពេល​ស្នាក់អាស្រ័យ​ជា​លើកដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕B

យោធា​ចា​រ្យ​បារាំង​ពីររូប​មកជួយ​ហ្វឹកហ្វឺន​ជំនាញ​អាវុធហត្ថ​ឲ្យ​ដល់​កង​យោធា​មួក​ខៀវ​កម្ពុជា សម្រាប់​បេសកកម្ម អ​.​ស​.​ប​.​


ទីតាំងផ្សាយពាណិជ្ជកម្ម