Home ព័ត៌មានសំខាន់ៗ ទូត​កម្ពុជា​ប...

ទូត​កម្ពុជា​ប្រចាំ​ក្រុង​បាងកក ហាម​មិនឱ្យ​ពលករ​ខ្មែរ ចល័ត​ចេញ​-​ចូល​តំបន់ ដែលមាន​ការរីក​រាល​ដាល ជំងឺ​កូ​វីដ​-១៩

ដោយៈ ទេព មង្គល / ភ្នំពេញៈ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ បាន​ហាម​ពលករ​ខ្មែរ ចល័ត ចេញ​-​ចូល តំបន់ ដែលមាន​ការរីក រាលដាល ជំងឺ​កូ​វីដ​-១៩ ខណៈពេល​នេះ មាន​ករណី​ឆ្លង​ចូល ក្នុង​សហគមន៍ ។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ព្រះរាជាណាចក្រ​ថៃ ចុះ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ដែល​រស្មី​កម្ពុជា ទទួលបាន នៅ​ថ្ងៃទី​២៣​ធ្នូ​នេះ បានឱ្យដឹងថាៈ ដើម្បី​គ្រប់គ្រង និង​ការពារ មិនឱ្យ​មានការ​រីក​រា​ល​ដាល ជំងឺ​កូ​វីដ​-១៩ ទៅលើ​ពលករ​បរទេស​ទាំងអស់ ដែលជា​ហេតុ​បង្កឱ្យមាន ផលប៉ះពាល់​ដល់​អាយុជីវិត និង​សុខភាព​អនាម័យ របស់​ប្រជាពលរដ្ឋ ក្រសួង​ការងារ​ថៃ បានចេញ​សេចក្តីប្រកាស ស្នើសុំ​កិច្ចសហការ ពី​និយោជក រោងចក្រ សហគ្រាស និង​ក្រុមហ៊ុន​នានា គ្រប់​ទីកន្លែង នៅក្នុង​ប្រទេស​ថៃ ត្រូវអនុវត្ត ដូចខាងក្រោម​៖

១-​ហាម​ចល័ត​ពលករ​បរទេស ចេញ​-​ចូល​តំបន់ ដែលមាន​ការរីក​រាល​ដាល ជំងឺ​កូ​វីដ​-១៩​។​

២-​មាន​វិធានការ​ការពារ និង​ត្រួតពិនិត្យ ដូចតទៅៈ
-​វាស់​កម្តៅ​ពលករ​បរទេស បើ​មាន​កម្ដៅ​លើស ឬ​មាន​អា​ការៈខុស​ប្រក្រតី ដូចជា ក្អក ពិបាក​ដកដង្ហើម គួរឱ្យ​ពលករ​នោះ សម្រាក​ពី​ការងារ និង​ប្រញាប់​រួសរាន់ ជូនដំណឹង​ដល់ទី​ភ្នាក់ងារ​សុខាភិបាល ដើម្បី​អនុវត្ត​វិធានការ ច​ត្តា​ឡី​ស័ក ភ្លាមៗ​។​
-​រៀបចំ​អាល់កុល សម្រាប់​លាងដៃ នៅតាម​ទីកន្លែង​ធ្វើការ ច្រកទ្វារ​ចេញ​-​ចូល និង​តាម​បន្ទប់ទឹក​។
-​តម្រូវឱ្យ​ពលករ​បរទេស ត្រូវ​ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​រក្សា​គម្លាត​ពី ១-២​ម៉ែត្រ ក្នុងកំឡុងពេល​បំពេញការងារ ព្រមទាំង​ថែរក្សា និង​សម្អាត​ឧបករណ៍ ដែល​ប្រើប្រាស់​ជាប្រចាំ និង​
-​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ពលករ​បរទេស ឱ្យ​យល់ដឹង ពី​វិធី​ការពារ​ខ្លួន ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ខ្លួនឯង​។​

​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​អំពាវនាវ សូម​បងប្អូន​ពលករ​ខ្មែរ នៅ​ប្រទេស​ថៃ​ទាំងអស់ មេត្តា​បន្ត​ចូលរួម​សហការ និង​អនុវត្ត​នូវ​វិធានការ​នានា របស់​រាជរដ្ឋាភិបាល​ថៃ ឱ្យបាន​ខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សូម​រក្សា​សុខភាព​អនាម័យ ដើម្បី​បង្ការ និង​ទប់ស្កាត់ ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ បន្តទៀត​។ ក្នុងករណី​បងប្អូន មាន​បញ្ហា សូម​ទំនាក់ទំនង មកកាន់​ស្ថានទូត​ជាបន្ទាន់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular