Home ព័ត៌មានជាតិ សង្គម ភាគី​ថៃ​រុះរើ...

ភាគី​ថៃ​រុះរើ​ស្លាក​សញ្ញា​មីន​ចេញ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ​មួយកន្លែង​ទៀត​នៅ​ស្រុក​ថ្មពួក​

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​: ភាគី​ថៃ​បាន​យល់ព្រម​រុះរើ​ស្លាក​សញ្ញា​មីន​ចេញ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ មួយកន្លែង​ទៀត​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ហើយ កាលពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ។​

​នៅថ្ងៃនោះ លោក​វរសេនីយ៍ទោ ខៃ ខែត្រ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​បឹង​ត្រកួន រួមជាមួយ​កម្លាំងចំរុះ បាន​ចុះ​ត្រួតពិនិត្យ​មើល​ភាគី​ថៃ ចុះ​រុះរើ​ស្លាក​សញ្ញា​ដោះមីន នៅ​ចន្លោះ​បង្គោល​សីមា​២៧-២៨ លើ​ខ្នងភ្នំ​ដងរែក ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្ម​រមៀល​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយ​មានជ័យ ទល់​ជាមួយ​ភូមិសាស្ត្រ​ភូមិ​២ ឃុំ​ណង​វែង ស្រុក​ឡាក់​ហាន់​សាយ ខេត្ត​បូរី​រ៉ាំ​។​

​ការឡើង​ទៅពិនិត្យ​ថៃ​រុះរើ​ផ្លាកសញ្ញា​មីន​ពេលនេះ បន្ទាប់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ បានស្នើ​ឲ្យ​ភាគី​ថៃ​ចុះ​រើ​ស្លាក​សញ្ញា​មីន ដែល​ពួកគេ​បាន​ដោះ​រួច​ចូល​មកលើ​ខ្សែបន្ទាត់​ព្រំដែន ១៨៩​ម៉ែត្រ​។​

​មេ​រង​យោធភូមិភាគ​ទី​៥ បាន​ប្រាប់​កាល​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា តាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ទើប​ថ្ងៃនេះ​ភាគី​ថៃ បាន​ជួប​ជាមួយ​ភាគី​កម្ពុជា ហើយ​យល់​ព្រមធ្វើ​ការរុះរើ​ផ្លាកសញ្ញា​មីន​ចំពោះមុខ​ភាគី​កម្ពុជា​ភ្លាមៗ​។ បន្ត​មក​ថៃ​ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​ទាំងសងខាង កំណត់​ពេលវេលា​ជួបជុំគ្នា ដើម្បី​ពិភាក្សា​ការងារ​ផ្សេង​អំពី​សន្តិសុខ​ព្រំដែន​ក្នុង​រយៈពេល​១​ខែម្តង​។

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ កម្ពុជា​បាន​រុះរើ​ផ្លាកសញ្ញា​មីន​ដែល​ថៃ​បោះ​ចូល​លើ​ខ្សែបន្ទាត់​ព្រំដែន​មួយកន្លែង​មុន ក្នុង​ចន្លោះ​បង្គោល ៣២-៣៣ រួច​ម្ដងមកហើយ ក្រោយពី​ភាគី​កម្ពុជា​ស្នើសុំ​ទៅ​ភាគី​ថៃ ហើយ​ភាគី​ថៃ​មិនបាន​ឆ្លើយតប​នឹង​ចូលមក​រុះរើ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular