ដោយ: ប.ខុន / ភ្នំពេញ: ផ្ទៃមេឃអាប់អួនិងភ្លៀងរលឹម ចាប់ផ្តើមគ្របដណ្តប់លើបណ្តាខេត្ត ជាប់មាត់សមុទ្រនៅព្រលប់ថ្ងៃទី២៣និងពេញមួយថ្ងៃទី២៤ខែធ្នូ។ ឯនៅលើខេត្ត ត្បូងឃ្មុំ កំពង់ធំ សៀមរាបនិងខេត្តបាត់ដំបងក៏មានភ្លៀងធ្លាក់ដែរ ដោយឥទ្ធិពលសម្ពាធទាបសកម្មដែលកើតមានឡើងក្រោយពីព្យុះក្រវាញបានរលាយ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០ថា ព្យុះឈ្មោះ ក្រវាញ បានថយឥទ្ធិពលមកនៅកម្រិតជាសម្ពាធទាបសកម្ម (Active Low) នៅក្នុងសមុទ្រខាងត្បូងប្រទេសវៀតណាម ដោយរំកឹលមកទិសខាងលិចចាប់ផ្តើមបង្កឱ្យមានភ្លៀងរលឹមធ្លាក់លើតំបន់ដីសណ្តរ នៃទន្លេមេគង្គក្រោមហើយ។
អ្នកនាំពាក្យរបស់ក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថា នៅព្រលប់ថ្ងៃនេះ(២៣ធ្នូ) ផ្ទៃមេឃនៅលើបណ្តាខេត្តនៅតំបន់មាត់សមុទ្រចាប់ផ្តើមមានភាពអាប់អួ និងភ្លៀងរលឹមអូសរហូតពេញមួយថ្ងៃទី២៤ធ្នូទៀត។ ភ្លៀងរលឹមដូចគ្នានេះ ក៏កើតមាននៅលើខេត្តត្បូងឃ្មុំ កំពង់ធំ សៀមរាបរហូតទៅដល់ខេត្តបាត់ដំបង។
លោក ចាន់ យុត្ថា និយាយឱ្យដឹងទៀតថា ផ្ទៃមេឃមានសភាពអាប់អួជាមួយនឹងភ្លៀងរលឹមនេះ ដល់ថ្ងៃទី២៦ខែធ្នូទើបអស់ទៅវិញ។ ព្រមជាមួយគ្នានេះ សីតុណ្ហភាពបានចាប់ផ្តើមងើបឡើងវិញបន្តិច បើប្រៀបធៀបទៅនឹងពេលពីរបីថ្ងៃមុនមកនេះ។
ក្រសួងធនធានទឹកនិងឧតុនិយ កាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២០ បានជូនដំណឹងស្តីពីការព្យាករអាកាសធាតុសម្រាប់ពីថ្ងៃទី២៣-២៩ខែធ្នូថា ភាគខាងជើងនៃប្រទេសកម្ពុជាបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ ឯភាគខាងត្បូង ទទួលរងឥទ្ធិពលពីសម្ពាធទាបសកម្មរបស់ព្យុះទី២៣ឈ្មោះ ក្រវាញ ដែលបានរលាយទៅវិញនិងនៅអំឡុងពីថ្ងៃទី២៥-២៩ខែធ្នូ ប្រទេសកម្ពុជានឹងទទួលឥទិ្ធពលពីខ្យល់មូសុងឦសានកម្រិតមធ្យម។
ស្ថានភាពអាកាសធាតុដូចខាងលើ ធ្វើឱ្យខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២១-២៤អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩- ៣២ អង្សាសេ, នៅអំឡុងពីថ្ងៃ២៣-២៥ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅបង្គួរ និងមានសីតុណ្ហភាពអប្បបរមាពី១៩-២២អង្សាសេ និងសីតុណ្ហភាព អតិបរមាមានពី២៥-២៨អង្សាសេ។
សម្រាប់បណ្តាខេត្តនៅជាប់ជួរភ្នំដងរែកនិងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមាពី១៩-២២អង្សាសេ សីតុណ្ហភាពអតិបរមាពី២៩-៣២អង្សាសេ នៅអំឡុងពីថ្ងៃទី២៣-២៥ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតខ្សោយទៅ មធ្យម។ សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី ២៤- ២៧អង្សាសេ។
នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២-២៥អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៨-៣១អង្សាសេ។ នៅថ្ងៃទី២៣-២៤ខែធ្នូ អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ និងនៅលើផ្ទៃសមុទ្រអាចមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ សីតុណ្ហភាពអប្បបរមា មានពី២០ -២៣អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី២៥-២៨អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋអ្នកដំណើរនិងអ្នកនេសាទ សូមបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ៕