ដោយ: រ៉ាម៉ន / ភ្នំពេញ: អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងគណៈកម្មការផ្សារអូរឫស្សី បានជំរុញឱ្យការជួសជុលអគារក្រោមឡៅតឿផ្សារអូរឫស្សីឲ្យបានលឿន ដើម្បីឲ្យបងប្អូនអាជីវករដែលស្ម័គ្រចិត្តទៅលក់ដូរនៅលើដងផ្លូវ១១០ បានចូលមកលក់ដូរនៅក្រោមឡៅតឿ ក្នុងផ្សារអូរឫស្សីដូចដើមវិញបានឆាប់ ក្រោយពីអគារនេះបានផ្ទុះចេញជាសរសៃដែក មិនអាចលក់ដូរបន្តទៀតបាន ហើយអាជីវករជិត២០០តូប បានស្ម័គ្រចិត្តទៅលក់នៅលើផ្លូវ ក្រោមការរៀបចំរបស់អាជ្ញាធរនោះ។
ពាក់ព័ន្ធការងារនេះ លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សី បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០នេះថា៖ នៅក្នុងពេលនេះ ក្រុមការងារផ្នែកជួសជុលអគារផ្សារអូរឫស្សីនៅក្រោមឡៅតឿ នៃផ្សារ បាននិងកំពុងធ្វើសកម្មភាពជួសជុលទីតាំងផ្សារនេះទាំងយប់ទាំងថ្ងៃ ដើម្បីជំរុញការជួសជុលនេះឱ្យបានរួចរាល់ នៅមុនរដូវភ្លៀងធ្លាក់មកដល់។
លោកបញ្ជាក់ថា៖ ពេលនេះក្រុមការងារបាននិងកំពុងកាត់ប្លង់សេដែលផ្ទុះចេញសរសៃដែកចេញដោយកាត់ ជាដុំ ជាដុំនិងដឹកចេញពេលយប់ដើម្បីកុំឲ្យមានការប៉ះពាល់ដល់ការលក់ដូររបស់បងប្អូនអាជីវករ ហើយក្រោយកាត់ប្លង់សេនេះចេញអស់យើងនឹងរៀបក្តារែងសសៃដែកចាក់ប្លង់សេថ្មីឡើងវិញ ។ លោកបន្តថា៖ ពាក់ព័ន្ធនឹងការងារនេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌ៧មករា និងគណៈកម្មការផ្សារបានជំរុញឲ្យក្រុមការងារធ្វើកិច្ចការងារនេះឲ្យបានលឿន គឺបើមានកន្លែងណាដែលមានការរាំងស្ទះ គឺអាជ្ញាធររាជធានីភ្នំពេញដូចជា គណៈកម្មការផ្សារចុះអន្តរាគមន៍ភ្លាមៗតែម្តង ដោយមិនឲ្យមានការរាំងស្ទះនៃការជួសជុលនេះទេ។
លោកបញ្ជាក់ផងដែរថា៖ គម្រោងជួសជុលនេះអាចនឹងរួចរាល់ប្រមាណជា៥ទៅ៦ខែទៀត មានន័យថា៖ អាចរួចមុនពេលភ្លៀងធ្លាក់មកដល់ ដែលនឹងអាចឱ្យបងប្អូនអាជីវករទាំង១៧០តូប ដែលរុះរើចេញស្ម័គ្រចិត្តទៅលក់ដូរនៅលើផ្លូវ១១០ខាងកើតផ្សារអូរឫស្សី បានចូលមកលក់ដូរនៅកន្លែងដើមវិញ៕