ប្រែសម្រួល : កញ្ញាដាលីស ៖ វិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាម៉េរិក (NIH)គ្រោងនឹងពិនិត្យមើលមូលហេតុដែលមនុស្សមួយចំនួនបានទទួលរងប្រតិកម្មអាឡែរស៊ីទៅនឹងវ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ក្រុមហ៊ុន Pfizer។
ទូរទស្សន៍ CNBC បានផ្សាយកាលពីថ្ងៃអង្គារទី២២ធ្នូថា ទោះបីជាការសិក្សានៅកំពុងស្ថិតក្នុងដំណាក់កាលដំបូងក៏ដោយក៏ប៉ុន្តែការសិក្សានេះត្រូវគេរំពឹងថានឹងចុះឈ្មោះមនុស្សរាប់រយនាក់ដែលមានប្រវតិ្តអាឡែរស៊ីធ្ងន់ធ្ងរនិងផ្តល់វ៉ាក់សាំងឱ្យពួកគេក្រោមការឃ្លាំមើលដិតដល់។
លោកវេជ្ជបណ្ឌិត អាល់គីស ថូចឺស មកពីវិទ្យាស្ថានជាតិអាឡែរស៊ីនិងជំងឺឆ្លង (NHID) បាននិយាយថា ក្រុមរបស់លោកសង្ឃឹមចាប់ផ្តើមការសិក្សានៅប៉ុន្មានសប្តាហ៍ទៀត។
ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថានឹងកំណត់បាននូវសមាសធាតុវ៉ាក់សាំង ដែលបណ្តាលឱ្យមានប្រតិកម្មគំរាមកំហែងដល់អាយុជីវិត ដែលគេស្គាល់ថា ប្រតិកម្មអាណាហ្វីឡាក់ទិក។
លោកថូចឺស ប្រធានផ្នែកអាឡែរស៊ី ជំងឺហឺត និង ជីវវិទ្យាផ្លូវដង្ហើម បានប្រាប់ CNBC ថា ការសិក្សានេះនឹងត្រូវអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាម៉េរិក (FDA)និងគណៈកម្មាធិការក្រមសីលធម៌ មុនពេលចាប់ផ្តើមការសិក្សា។
មជ្ឍមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និយាយថា យ៉ាងហោចណាស់បុគ្គលិកសុខាភិបាលចំនួន ៧ នាក់បានទទួលរងប្រតិកម្មវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ។
ក្នុងចំណោមពួកគេ មានបុគ្គលិកពេទ្យ៣នាក់នៅរដ្ឋអាឡាស្កានិង ៤ នាក់នៅមន្ទីរពេទ្យមួយនៅសង្កាត់លីបឺធីវីលនៅជាយក្រុងឈីកាហ្គោ៕
បុគ្គលិកសុខាភិបាលនិងមនុស្សចាស់ស្ថិតចំណោមជនមានអាទិភាពសំរាប់ចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណារបស់ក្រុមហ៊ុន Pfizerមុនគេ