ដោយៈសុផល/ភ្នំពេញ: ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេស ដើម្បីផ្តល់នូវជំនាញភាសាចិន ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍នោះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងទេសចរណ៍នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតមូលដ្ឋានក្នុងវិស័យ ទេសចរណ៍ដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ ដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងអភិវឌ្ឍសមត្ថភាពលើជំនាញនេះ។
នេះ ជាឱកាសអភិវឌ្ឍសមត្ថភាព និងជំនាញភាសាចិនសម្រាប់បុគ្គលិក បម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្ម ទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន។
វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សា ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ តទៅ។ បុគ្គលិកបម្រើ ការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនអាចធ្វើការចុះឈ្មោះចូលរួមសិក្សាតាមរយៈអាសយដ្ឋានគេហទំព័រhttps://www.tptd.orgឬតាមរយៈស្តេនQRCode។វគ្គបណ្តុះបណ្តាលនឹងធ្វើឡើងតាមស្តង់ដានិងបង្រៀនដោយគ្រូបរទេសដែលមានបទពិសោធន៍។សិក្ខាកាមដែលបានសិក្សាក្នុងវគ្គសិក្សាតម្រូវឱ្យឆ្លងកាត់ការប្រឡងវាយតម្លៃសមត្ថភាពបញ្ចប់វគ្គតាមប្រព័ន្ធអនឡាញ។
សិក្ខាកាមដែលបានប្រឡងវាយតម្លៃសមត្ថភាពបញ្ចប់វគ្គជាប់នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ ការសិក្សាដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ និងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្រាប់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនចុះឈ្មោះ ដែលមានបំណងសិក្សាលើជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗ ហើយខកខានមិនបាន ចូលរួមរៀនក្នុងវគ្គសិក្សាតាមកាលបរិច្ឆេទផុតការកំណត់កន្លងមក ក៏អាចនៅបន្តចុះឈ្មោះសិក្សា ចូលរួមវគ្គសិក្សាទាំងអស់នោះបាន ដោយនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅ តែបន្តក្នុងការរៀបចំបើកវគ្គបណ្តុះបណ្តាលជំនាញទាំងនោះ និងវគ្គបណ្តុះបណ្តាលជំនាញថ្មីៗ តាមប្រព័ន្ធអនឡាញជាបន្តបន្ទាប់តាមអាសយដ្ឋានគេហទំព័រ https://www.tptd.org៕