ដោយៈ យោធិន/បាត់ដំបង-ប៉ៃលិនៈ ស្ពានបេតុង ពីរកន្លែង ស្ថិតក្នុងតំបន់អតីតសមរភូមិ នាទិសយោធភូមិភាគទី៥ ដែលជាចំណងដៃថ្មី មួយទៀត ផ្តល់ដោយប្រមុខរាជរដ្ឋា ភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រក្នុង ការកែប្រែ តំបន់អតីតសមរភូមិ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ បានចាប់ផ្តើមសាងសង់ដោយ កងកម្លាំងវិស្វកម្ម ក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ឯក គង់ អៀង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ នាព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ បានអញ្ជើញចុះទៅពិនិត្យ ការដ្ឋានស្ថាបនាស្ពាន ទាំងពីរកន្លែង ខាងលើនេះ បានបញ្ជាក់ឲ្យដឹងថាៈ ស្ពានបេតុងទាំងពីរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមានៈស្ពានមួយ កន្លែង ស្ថិតក្នុងភូមិអូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានប្រវែង ៦០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ពានមួយកន្លែងទៀត ស្ថិតក្នុងភូមិកំប្រ៉ង់ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង មានប្រវែង ៣០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាស្ពានទាំងពីរខាងលើនេះ ឧត្តមសេនីយ៍ឯក គង់ អៀង ក៏បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងកងវរសេនាតូចថ្មើរ ជើងលេខ៥៣៤ និងពាំនាំនូវប្រសាសន៍ សាកសួរសុខទុក្ខ ព្រមទាំងនាំយកនូវអំណោយ ថវិកា និងគ្រឿងឧបភោគបរិភោគ រួមនឹងភេសជ្ជៈ មួយចំនួន ជូនដល់កងកម្លាំងឈរជើង ក្នុងមូលដ្ឋានខាងលើនេះផងដែរ៕/V-PC