ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានលោក កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តបើកសវនាការ ជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេច លើសំណុំរឿង ចំនួន ២៣ គឺសំណុំរឿងរបស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។
នៅក្នុងអង្គសវនាការ មានការចូលរួមពី សំណាក់សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ព្រមទាំងសាធារណជនផងដែរ។ ចំណែកសមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលជាដើមបណ្ដឹង មិនបានចូលរួមសវនាការនោះទេ។
លោក ព្រហ្ម វិចិត្រអក្ខារា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថាៈ នៅក្នុងនីតិវិធីអនុវត្ត ចំពោះមុខក្រុមប្រឹក្សាធម្មនុញ្ញ ការអវត្តមាន របស់ដើមបណ្តឹង (គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ) មិនប៉ះពាល់ដល់ ការអនុវត្តនីតិវិធី របស់ក្រុមប្រឹក្សាជំនុំជម្រះ របស់ក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ ការមិនចូលសវនាការ គឺជាសិទ្ធិរបស់ដើមបណ្តឹង ដែលបដិសេធ មិនចូលរួមសវកានា ហើយក៏ជាសិទ្ធិ របស់ក្រុមប្រឹក្សាជំនុំជម្រះ ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការសម្រេចសេចក្តី ដែលអវត្តមាន ដើមបណ្តឹង បែបនេះ។
អ្នកនាំពាក្យ ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ទៀតថាៈ សំណុំរឿង ចំនួន ២៣ នេះ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹង ទាំង ២៣ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដោយសេចក្តីសម្រេចនេះ គឺជាសេចក្តីសម្រេចបិទផ្លូវតវ៉ា មានអនុភាព លុបលើរាល់អំណាចទាំងអស់ ដូចមាន ចែងក្នុងរដ្ឋធម្មនុញ្ញ។
សូមជម្រាបថា ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានបើកសវនាការ ជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើ សំណុំរឿង ចំនួន ២៨ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។
បន្ទាប់ពីសវនាការ សួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធចោល ចំពោះបណ្តឹង ចំនួន ២៨ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ ដោយឡែក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបើកសវនាការបន្ត ដោយបានសម្រេចច្រានចោលបណ្តឹង ចំនួន២៣ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ។ សរុបបណ្តឹងចំនួន ៥១ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ បានបដិសេធចោល ដោយនៅសល់បណ្តឹងចំនួន ៤៤ ទៀត របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលក្រុមប្រឹក្សាជំនុំជម្រះ នៃក្រុមប្រឹក្សាធម្មនុញ្ញ នឹងលើកយកមកសវនាការជំនុំជម្រះ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។
សរុបទាំងអស់ បណ្តឹងរបស់ គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលប្តឹងតវ៉ានឹងសេចក្តីសម្រេច របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង គឺមានចំនួន ៩៥ បណ្តឹង៕/V/សរន