ប្រែសម្រួលៈវាសនា/សង់ទីយ៉ាហ្គោ៖វីរុសកូរ៉ូណា បានចម្លងមនុស្សនៅមូលដ្ឋានយោធានិងសិក្សាស្រាវជ្រាវរបស់ឈីលីមួយនៅទ្វីបអង់តាកទិក មានន័យថាឥឡូវវីរុសនេះមានវត្តមាននៅគ្រប់ទ្វីបទាំងអស់។
មនុស្ស៣៦នាក់នៅមូលដ្ឋានGeneral Bernardo O’Higgins Riquelme ត្រូវបានពិនិត្យឃើញមានកូវីដ១៩កាលពីថ្ងៃចន្ទ។វាត្រូវគេជឿថា មានជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់មកពីនាវាទ័ពជើងទឹកSargento Aldeaដែលបានចេញដំណើរពីប្រទេសឈីលីកាលពីថ្ងៃ២៧វិច្ឆិកា។
កន្លែងផ្ទុះកូវីដ១៩នេះ ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានឈីលីចំនួន១៣នៅទ្វីបអង់តាកទិក និងស្ថិតចំណោមមូលដ្ឋានអន្តរជាតិសរុប៧០នៅឯប៉ូលខាងត្បូងនេះ។
នៅពេលនាវាផ្គត់ផ្គង់ស្បៀងវិលទៅដល់ឈីលីវិញ កាលពីថ្ងៃ១៦ធ្នូ សមាជិកនាវិក៣នាក់លើនាវានោះក៏ត្រូវបានពិនិត្យឃើញកូវីដ១៩ផងដែរ បន្ទាប់ពីរកឃើញជាច្រើនករណីទៀតចេញពីនាវានេះកាលពីថ្ងៃ១០ធ្នូ។
គិតមកត្រឹមថ្ងៃចន្ទ អង់តាកទិកជាជ្រុងតែមួយនៃពិភពលោកដែលនៅមិនទាន់មានកូវីដ១៩រាតត្បាត ដោយសាររាល់ដំណើរទេសចរណ៍ទៅកាន់ទ្វីបទឹកកកនេះត្រូវបានផ្អាកក្នុងអំឡុងជំងឺសកលរាតត្បាតហើយការទាក់ទងរវាងមូលដ្ឋានទាំង៧០ក៏ត្រូវហាមឃាត់៕
មូលដ្ឋានស្រាវជ្រាវរបស់កងទ័ពឈីលីនៅអង់តាកទិករងការវាយប្រហារពីវីរុសកូរ៉ូណា