ដោយៈ សុផល / ភ្នំពេញៈ ក្រសួងទេសចរណ៍ បានទទួលសម្ភារបរិក្ខារមួយចំនួន មានដូចជាទឹកសម្លាប់មេរោគ ម៉ាក Ebiodis ឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ ស្វ័យប្រវត្តិ ព្យួរជញ្ចាំង ពីក្រុមហ៊ុន Leisure Asia Corporation សម្រាប់ប្រើប្រាស់ តាមការចាំបាច់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់មេរោគ ផ្សេងៗ ពិសេសនៅក្នុងដំណាក់កាល នៃការរីករាលដាល ជំងឺកូវីដ ១៩ ។
ការទទួលសម្ភារបរិក្ខារ ខាងលើនេះ ធ្វើឡើង ក្នុងជំនួបរវាងលោកបណ្ឌិត ថោង ខុន រដ្ឋមមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកស្រី ហេង ពិសី អគ្គនាយិកា និងលោក Ivan Yanushkevich អ្នកជំនាញការផលិតកម្ម នៃក្រុមហ៊ុន Leisure Asia Corporation នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ទេសចរណ៍។
លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ដល់ក្រុមហ៊ុន ដែលបានផលិតទឹកសម្លាប់មេរោគ ប្រកបដោយគុណភាពនៅកម្ពុជា ដែលជាការចូលរួមចំណែកដល់ការការពារទប់ស្កាត់ ការរីករាលដាលនៃជំងឺ និងមេរោគនានា។
លោកស្រី ហេង ពិសី បានសម្តែងនូវ ការថ្លែងអំណរគុណ ដល់លោករដ្ឋមន្ត្រី ថោង ខុន ចំពោះការគាំទ្រ ដល់ផលិតផល របស់ក្រុមហ៊ុន ដែលលោកតែងតែគិតគូរ ដល់ការចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺ និងការជំរុញការអភិវឌ្ឍ វិស័យទេសចរណ៍ ប្រកបដោយចីរភាព។
នាឱកាសនោះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភដល់ក្រសួងទេសចរណ៍នូវទឹកសម្លាប់មេរោគម៉ាក Ebiodis ចំណុះ ៣០ លីត្រ ៥ លីត្រ ១ លីត្រ ៥០០ មីលីលីត្រ និង ១០០ មីលីលីត្រ ព្រមទាំងឧបករណ៍បាញ់ស្វ័យប្រវត្តិលើតុ និងឧបករណ៍បាញ់ស្វ័យប្រវត្តិព្យួរជញ្ចាំង ដើម្បីប្រើប្រាស់តាមការចាំបាច់ក្នុងការចូលរួមបង្ការទប់ស្កាត់មេរោគផ្សេងៗ ពិសេសនៅក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩នេះ។
លោក Ivan Yanushkevich បានបញ្ជាក់ថា ទឹកសម្លាប់មេរោគម៉ាក Ebiodis ត្រូវបានផលិតឡើង ដោយក្រុមអ្នកជំនាញ កម្ពុជា-រុស្ស៉ី ដោយប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយរបស់ ប្រទេសរុស្ស៉ី ជាផលិតផលធម្មជាតិ (Organic) ងាយស្រួលប្រើ គ្មានសារធាតុអាល់កុល មិនប៉ះពាល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ និងអាចសម្លាប់មេរោគ បានរហូតដល់ ៩៩,៩៩% ក្នុងរយៈពេលពី ២០-៣០ វិនាទី អាចប្រើប្រាស់សម្លាប់មេរោគ និងបំបាត់ក្លិន ដោយបាញ់លើដៃ ជើង ម៉ាស់ ស្បែកជើង សម្លៀកបំពាក់ សម្ភារប្រើប្រាស់ របស់ក្មេងលេង នៅក្នុងផ្ទះ តាមរោងកុន កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន សណ្ឋាគារ និងសម្ភារនៅតាមទីតាំងផ្សេងៗទៀត រួមទាំងកសិដ្ឋានចិញ្ចឹមសត្វផងដែរ។
គួរបញ្ជាក់ផងដែរថា ដើម្បីចូលរួមក្នុងការបង្ការ នៃការរីករាលដាល ជំងឺកូវីដ១៩ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ក្រសួងទេសចរណ៍ បានដាក់ចេញ នូវវិធានសុវត្ថិភាព ទេសចរណ៍ ចំនួន ៧ រួមមាន៖ ១. វិធានសុវត្តិភាពទេសចរណ៍ សម្រាប់សេវាស្នាក់នៅទេសចរណ៍ , ២. វិធានសុវត្តិភាពទេសចរណ៍ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ , ៣. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីដ្ឋានទេសចរណ៍ , ៤. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូនទេសចរណ៍ផ្លូវគោក , ៥. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ដឹកជញ្ចូន ទេសចរណ៍ផ្លូវទឹក , ៦. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់ការីទេសចរណ៍ ក្នុងស្រុក និង៧. វិធានសុវត្ថិភាពទេសចរណ៍ សម្រាប់មគ្គុទ្ទេសក៍ និងអ្នកបកប្រែបន្ត៕/V