ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានអះអាងថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបបានសម្រេចបានចំនួន៣៥% ។
ក្រុមហ៊ុននេះបានអះអាង នៅពេល នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ គម្រោងនេះ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២០ ថា តាមការរំពឹងទុក ព្រលានថ្មីនេះ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ខាងមុខបន្ទាប់ពីការសាងសង់ បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្លេះ ដែលមានរយៈពេល ៣៦ ខែ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលបានធ្វើការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី តាមផែនការ ដែលបានគ្រោងទុក។
លោក បណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូល រួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែក ការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព៕/PC/សរន