Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជំរុញ​ដល់​កសិករ ចូលរួម​អនុវត្ត​គម្រោង​អង្ករ​សត្វព្រៃ និង​ឱ្យ​ពលរដ្ឋ​កម្ពុជា គាំទ្រ​អង្ករ​ប្រភេទ​នេះ​

ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ បាន​ជំរុញ​ដល់​កសិករ នៅក្នុង​តំបន់ការពារធម្មជាតិ ឱ្យ​ចូលរួម​អនុវត្ត គម្រោង​អង្ករ​មិត្តភាព សង្គ្រោះ​សត្វព្រៃ ឱ្យបាន​កាន់តែ​សកម្ម និង​ព្រម​ជាមួយគ្នានេះ លោក​ក៏បាន​សំណូមពរ​ឱ្យ ប្រជាពលរដ្ឋ​កម្ពុជា ជួយ​គាំទ្រ​ដល់​អង្ករ​មិត្តភាព សង្គ្រោះ​សត្វព្រៃ​នេះ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សាយ សំ​អាល់ ក្នុងឱកាស​អញ្ជើញ​ចូលរួម ជា​អធិបតីភាព​សម្ពោធ​ជា​ផ្លូវការ ក្រុមហ៊ុន​អាយ​ប៊ី​ស​រ៉ា​យស៍ ខន់​សេ​វេ​សិន ស្ថិតនៅ​សង្កាត់​ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ និង​ពិនិត្យមើល​ខ្សែសង្វាក់ វេច​ខ្ចប់​អង្គការ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ របស់​ក្រុមហ៊ុន​។​

​គួរ​បញ្ជាក់ថា ក្រុមហ៊ុន​អាយ​ប៊ី​ស​រ៉ា​យស៍ ត្រូវបាន​បង្កើតឡើង ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) និង​បានដាក់​ឈ្មោះ តាម​សត្វ​ត្រយង​យក្ស (​ចាយ​អិន អាយ​ប៊ី​ស​- Giant Ibis) ដែលជា​បក្សី​ជាតិ​តំណាងឱ្យ​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន​នេះដែរ ត្រូវបាន​បង្កើតឡើង ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ក្នុង​ឆ្នាំ​២០១៧ ដើម្បី​បំពេញ​សក្តានុពល នៃ​ផលិតផល​នេះ និង​បង្កើន​ការផលិត​។​

​ក្នុងពេល​បច្ចុប្បន្ន ក្រុមហ៊ុន អាយ​ប៊ី​ស​រ៉ា​យស៍ ធ្វើការ​ជាមួយ​កសិករ សង្គ្រោះ​សត្វព្រៃ ចំនួន ៥០០ គ្រួសារ ដោយ​ផ្តល់នូវ​តម្លៃ​លក់​ទិញ ចេញ​ខ្ពស់ជាង តម្លៃ​ទីផ្សារ ១៥០ ភាគរយ​ខ្ពស់ ជាង​តម្លៃ​ទីផ្សារ សម្រាប់​ស្រូវ​សរីរាង្គ មិត្តភាព​សង្គ្រោះ​សត្វព្រៃ ពូជ​ផ្ការំដួល​។ កសិករ បាន​ប្តេជ្ញា​មិន​កាប់​ឈើ មិន​បរបាញ់​សត្វព្រៃ ឬ​ប្រើប្រាស់​សារធាតុ​គីមី​ពុល ដើម្បី​ចូលរួម​ការពារ តំបន់​ការពារ និង​ប្រភេទ​កម្រ នៅក្នុង​តំបន់​នេះ​។​

​ក្នុង​ពិធី​នេះ លោក សាយ សំ​អាល់ បាន​ថ្លែង​បញ្ជាក់ថាៈ «​ផលិតផល​ដែល​ផលិតឡើង ដោយ​គិតគូរ​ដល់ ការអភិរក្ស​សត្វព្រៃ​ផង និង​ផ្អែកលើ​គោលការណ៍ សរីរាង្គ​ផង គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ ក្នុងការ​ទទួលបាន នូវ​តម្លៃ​ទីផ្សារ​ខ្ពស់ ហើយ​យើង​គួរតែ​ទិញ ផលិតផល​ទាំងនេះ ពី​កសិករ ដែល​បាន​អនុវត្ត​គម្រោង​នេះ ក្នុងតម្លៃ​ខ្ពស់​។ យើង​មាន​ផែនការ​គាំទ្រ ឱ្យ​គម្រោង​នេះ ឱ្យ​ដំណើរការ​ទៅមុខ​បានល្អ​»​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បន្ថែម​ឱ្យដឹងថាៈ «​ក្រសួងបរិស្ថាន សូម​លើកទឹកចិត្ត​ដល់​កសិករ នៅក្នុង​តំបន់ការពារធម្មជាតិ ឱ្យ​ចូលរួម​អនុវត្ត គម្រោង​នេះ ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត​។ លោក​ក៏បាន​ស្នើឱ្យ​អង្គការ WCS និង​អង្គការ SMP ពង្រីក​គម្រោង​នេះ ទៅកាន់​តំបន់​ផ្សេងៗ​ទៀត និង​សំណូមពរ ឱ្យ​អតិថិជន និង​ប្រជាពលរដ្ឋ​កម្ពុជា នៅក្នុង​ប្រទេស ជួយ​គាំទ្រ​ដល់ អង្ករ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ​នេះ​»​។​

​ដោយឡែក លោក នី​ក ស្ពេ​ន​ស័​រ (Nick Spencer) នាយក​ក្រុមហ៊ុន អាយ​ប៊ី​ស​រ៉ា​យស៍ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថាៈ «​អតិថិជន​គាំទ្រ និង​ឱ្យ​តម្លៃ​លើ​ផលិតផល និង​គុណភាព​អង្ករ មិត្តភាព​សង្គ្រោះ​សត្វព្រៃ របស់​យើង ដោយសារ​អង្ករ​នេះ ផលិត​តាម​គោលការណ៍​សរីរាង្គ​។ ក៏ប៉ុន្តែ មូលហេតុ​ចម្បង ដែលនាំឱ្យ​អតិថិជន ទិញ​អង្ករ​របស់​យើង គឺ​ដោយសារ​អង្ករ​នេះ បាន​ផ្សាភ្ជាប់​ទៅនឹង​ការអភិរក្ស និង​ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​ប្រជាកសិករ​។ ការផ្គត់ផ្គង់​នូវ​ផលិតផល​មួយ ជូន​អតិថិជន ដែល​គេ​អាច​ជឿ​ទុកចិត្តបាន យើង​មាន​គោលការណ៍ អនុវត្ត​តឹងរឹង ដែល​ក្រុម​កសិករ គោលដៅ​ត្រូវតែ​គោរព និង​អនុវត្តតាម ហើយ​ជា​លទ្ធផល ធុរកិច្ច របស់​យើង​អាច​ផ្តល់​តម្លៃ​នោះ ត្រឡប់​ទៅ​កសិករ​វិញ​បាន​។ ក៏ប៉ុន្តែ មាន​សម្ពាធ និង​ហានិភ័យ​ជាច្រើន កើតមាន​ចំពោះ​ការ ធ្វើ​កសិកម្ម​តាម​វិធី​នេះ នៅពេលដែល​ដីព្រៃ ត្រូវបាន​គេ​កាប់​រាន និង​ថ្នាំ​គីមី​ពុល ត្រូវបាន​មនុស្ស​ចំណូល​ថ្មី នៅក្នុង​សហគមន៍​ប្រើប្រាស់​។ យើងខ្ញុំ​សង្ឃឹមថា នឹង​បានធ្វើការ​កាន់តែ​ជិតស្និទ្ធ ជាងនេះទៀត ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ការពារ និង​ពង្រីក​នូវ​កាល​នុ​វត្ត​ភាព ដែលមាន​សក្តានុពល​ពិតប្រាកដ​»​។​

​ដោយឡែក លោក កែន សេរី​រដ្ឋា នាយក​អង្គការ ស​មាគ​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​គូសបញ្ជាក់ថាៈ «​ការសម្រេចបាន លើ​ការងារ​អភិរក្ស​តម្រូវឱ្យ​យើង ត្រូវ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​សហគមន៍ នៅក្នុង​ដែន​ជម្រក សត្វព្រៃ ដើម្បី​ធានាថា គោលបំណង​របស់​ពួកគាត់​ត្រូវបាន​ឆ្លើយតប ស្រប​ពេលដែល​ទីជម្រក សត្វព្រៃ នៅ​ជុំវិញ​តំបន់​ដែល​ប្រជា​សហគមន៍ រស់នៅ ត្រូវបាន​ការពារ​ផងដែរ​។ គម្រោង​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ អាចជា​ឧ​ត្ត​មា​នុ​វត្ត​មួយ ដែលមាន​ការទទួលស្គាល់​ជាស​កល​»​។​

​គួររំលឹកថា សត្វ​ត្រយង​យក្ស គឺ​ប្រភេទ​បក្សី ដែលមាន​មាឌធំ​ជាងគេ​បំផុត នៅលើ​ពិភពលោក ហើយ​ដោយសារតែ​សត្វ​នេះ ជា​ប្រភេទ​បក្សី​កម្រ បានធ្វើឱ្យ​អ្នក​ចូលចិត្ត ទស្សនា​សត្វ​ស្លាប និង​ក្រុម​អ្នក​អភិរក្ស គិតថា ប្រភេទ​នេះ ស្ទើរតែ​លែងមាន​វត្តមាន នៅលើ​ពិភពលោក​នេះ ទៅហើយ​។​

​ត្រយង​យក្ស ត្រូវបាន​ចាត់​ចំណាត់ថ្នាក់ ជា​ប្រភេទ​ជិត​ផុត​ពូជ​បំផុត ជាពិសេស​ដោយសារ​ឥទ្ធិពល នៃ​ការរំខាន​របស់​មនុស្ស និង​ការ​បរបាញ់​។ សត្វ​ត្រយង​យក្ស ដែល​នៅ​សេសសល់ បាន​ប្រមូល​ផ្តុំគ្នា ទៅ​រស់នៅក្នុង​តំបន់​ភាគ​ខាងជើង នៃ​ប្រទេស​កម្ពុជា​។ ក្នុង​ឆ្នាំ​២០០៩ អង្គការ WCS ក្រោម​ការគាំទ្រ​របស់ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គម្រោង​ស្រូវ អា​ប៊ី​ស ដែលជា​វិធីសាស្ត្រ​មួយ ជួយ​គាំទ្រ​ដល់​ការអភិរក្ស​ប្រភេទ​នេះ​។ គម្រោង​នេះ មាន​គោលបំណង​លើកទឹកចិត្ត ដល់​សហគមន៍​មូលដ្ឋាន ឱ្យ​ចូលរួម​អភិរក្ស តាមរយៈ​ការទិញ​ស្រូវ​សរីរាង្គ​ពូជ​ផ្ការំដួល​ក្នុងតម្លៃ​មួយ​ខ្ពស់បំផុត​ពី​ក្រុម​កសិករ ផលិត​ដែល​បាន​ប្តេជ្ញាចិត្ត ចូលរួម​ការពារ​ព្រៃឈើ និង​ឈប់​បរបាញ់​សត្វព្រៃ​។
​គម្រោង​នេះដែរ បានរួម​ចំណែក លើកកម្ពស់​ជីវភាពរ​ស់​នៅ របស់​ក្រុម​កសិករ​គោលដៅ ស្របពេល​ជាមួយគ្នា​ដែរ គឺ​ដោះស្រាយ​កត្តា​គំរាមកំហែង ចំបងៗ​ចំពោះ ប្រភេទ​ជិត​ផុត​ពូជ​បំផុត រួមទាំង​សត្វ​ត្រយង​យក្ស និង​ការគំរាមកំហែង ដល់ទី​ជម្រក​របស់​វា តាមរយៈ​ការកាប់​រាន​ដីព្រៃ និង​តំបន់ដីសើម យក​ធ្វើជា​ស្រែ សម្រាប់​ដាំ​ស្រូវ​។​

​ចំពោះ​អង្ករ​នេះ ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រភេទ​អង្ករ​សរីរាង្គ និង​រួមចំណែក ក្នុងការ​សង្គ្រោះ​សត្វព្រៃ តាម​ស្តង់ដា​ទីផ្សារ​សហភាព​អឺរ៉ុប និង​ក្រសួងកសិកម្ម អាមេរិក​។ បច្ចុប្បន្ន អង្ករ​នេះ មាន​លក់​នៅលើ​ទីផ្សារ​ពិភពលោក ក្នុងតម្លៃ​ខ្ពស់ រួមទាំង​ទីផ្សារ​នៅ​អឺរ៉ុប និង​ប្រទេស​កាណាដា ។ គម្រោង​នេះ បាន​ចូលរួមចំណែក លើកកម្ពស់​ជីវភាពរ​ស់​នៅ របស់​កសិករ​គោលដៅ ព្រមទាំង​បាន​ជួយ​កាត់បន្ថយ ការកាប់បំផ្លាញ​ព្រៃឈើ​បាន ៧៥ ភាគរយ នៅក្នុង​តំបន់​នានា ដែល​កសិករ រស់នៅ និង​ដាំ​ដុះ​ដំណាំ​។ គុណភាព​អង្ករ​ផ្ការំដួល និង​ដំណើររឿង ដែល​កើតឡើង​ព្រម​គ្នា មានន័យថា បរិមាណ​តម្រូវការ​អង្ក​រអា​ប៊ី​ស នៅលើ​ទីផ្សារ​អន្តរជាតិ លើស​បរិមាណ​ផ្គត់ផ្គង់​។ ដោយសារ​ក្រុមហ៊ុន អាយ​ប៊ី​ស ជ្រើសរើស និង​បណ្តុះបណ្តាល កសិករ​បន្ថែមទៀត ដូច្នេះ ក្រុមហ៊ុន​ត្រូវការ​ទុន​បង្វិល​បន្ថែមទៀត ដើម្បី​បង្កើន​បរិមាណ នៃ​ការទិញ​ស្រូវ ឱ្យបាន​ច្រើន ជាងនេះទៀត​៕/V


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular