ដោយៈ រ៉ាម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋចំនួន ១៦នាក់ ស្រី៨នាក់ រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងបានធ្វើចត្តាឡីស័ក ចំនួន ១៤ ថ្ងៃពេញ ហើយធ្វើតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ បានទទួលថវិកាឧបត្ថម្ភរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក ថេង សុថុល អភិបាលខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ។
ក្នុងឱកាសនោះ លោក ថេង សុថុល បានថ្លែងថាៈ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលថវិកាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងបានប្រគល់ មកដល់ រដ្ឋបាលខណ្ឌចំការមន សម្រាប់ឧបត្ថម្ភជូន ប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ដែលបានរងផល ប៉ះពាល់នឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា ដោយពលរដ្ឋខ្លះ បានធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃពេញ និងបានធ្វើតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ជូនបងប្អូនពលរដ្ឋទៀតថាៈ ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងអំឡុងពេល ធ្វើចត្តាឡីស័កនេះ ប្រមុខរាជរដ្ឋាភិបាល បានគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ ក្នុងព្រឹត្តិការណ៍សហគមន៍នេះ ដោយបានឧបត្ថម្ភថវិកា ដល់ពលរដ្ឋ ដែលធ្វើចត្តាឡីស័កនេះ ក្នុងម្នាក់ៗ ចំនួន ៣០ ម៉ឺនរៀល ក្នុងរយៈពេល ១៥ ថ្ងៃ ដោយផ្តោតសំខាន់ លើគ្រួសារជួបការលំបាក។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌចំកាមន ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅក្នុងបរិបទថ្មី ដោយអនុវត្តឲ្យ បានតឹងរឹងបំផុត ចំពោះវិធានការ អនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវផ្សព្វផ្សាយបន្ត ជូនដល់គ្រួសារប្រជាពលរដ្ឋ ផ្សេងទៀត ដែលបានត្រឡប់មកពីក្រៅស្រុក ត្រូវតែអនុវត្តនូវ វិធានការចត្តាឡីស័ក ដើម្បីសុខភាព ខ្លួនឯង គ្រួសារ និងសង្គមទាំងមូល ចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ ១៩ កុំឱ្យកើតមាន ក្នុងសហគមន៍ ហើយប្រសិនបើនៅក្នុងមូលដ្ឋាន មានការសង្ស័យថា មានអាការៈខុសប្រក្រតី ត្រូវរាយការណ៍ មកមន្ត្រីសុខាភិបាល ឬអាជ្ញាធរ ដែលនៅជិតបំផុត និងធ្វើការផ្តល់ព័ត៌មាន ឲ្យបានឆាប់រហ័ស ដើម្បីជួយគ្នាទប់ស្កាត់ និងព្យាបាល បានទាន់ពេលវេលា ។
ក្នុងឱកាសនេះដែរ ក្រៅពីថវិកាឧបត្តម្ភរបស់សម្ដេចតេជោ ហ៊ុន សែន, លោកអភិបាលខណ្ឌចំការមន ក៏បាននាំយកអង្ករ របស់លោក ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ទាំង ១៦នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ១បាវ ទម្ងន់ ២០ គីឡូក្រាម និងម៉ាសចំនួន ១០ ម៉ាស៕/V