ដោយៈ ដេប៉ូ / ភ្នំពេញៈ «ក្រសួងបរិស្ថាន តែឯងមិនអាចធានាបាន នូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បានឡើយ ប្រសិនបើគ្មានការចូលរួម ប្រកបដោយសម្បជញ្ញៈនិងការទទួលខុសត្រូវ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងអស់»។ នេះជាការលើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ថ្លែងនៅក្នុងពិធីផ្តល់បាឋកថា តាមប្រព័ន្ធអនឡាញ ស្តីពី«កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ជូនសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១១ និងកម្មសិក្សាការី ឆ្នាំ២០២០ នៃសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ លោក សាយ សំអាល់ បានមានប្រសាសន៍ថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាទទួលបាន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ជាបុរេលក្ខខណ្ឌ មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ហើយជាពិសេសជំរុញឱ្យមានការចូលរួម និងគិតគូរខ្ពស់លើ កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ សម្រាប់ប្រជាជនយើង គ្រប់រូបនិងគ្រប់ជំនាន់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ពីការទទួលស្គាល់ នៃការប្រែប្រួលឥរិយាបទ របស់សាធារណជន ចំពោះកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង ធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព និងទទួលបានការវាយតម្លៃខ្ពស់ ពីដៃគូពាក់ព័ន្ធ ក៏ដូចជា សាធារណជន ចំពោះការដឹកនាំ របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
ក្នុងឱកាសនេះដែរ លោក សាយ សំអាល់ បានមានប្រសាសន៍ថាៈ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិ ជាពិសេសយុទ្ធសាស្ត្រ ចតុកោណទាំង ៣ ដំណាក់កាល កន្លងទៅ ព្រមជាមួយការកែទម្រង់ និងការដឹកនាំរបស់ រាជរដ្ឋាភិបាល ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ជាក់ថា ក្នុងឱកាសផ្តល់បាឋកថា ស្តីពីការគ្រប់គ្រងបរិស្ថាន ជូនសិស្សសាលាភូមិន្ទរដ្ឋបាល នាថ្ងៃនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ លើការវិវត្ត ជាបន្តបន្ទាប់ ទាំងរចនាសម្ព័ន្ធគ្រប់គ្រង និងសញ្ញាណ អំពីពាក្យ«បរិស្ថាន» និងការបង្កើតឡើងដំបូងនៃ«រដ្ឋលេខាធិការដ្ឋានគ្រប់គ្រងបរិដ្ឋាន» នៅឆ្នាំ១៩៩៣ និង បន្ទាប់មកនៅឆ្នាំ១៩៩៦ ក្លាយទៅជាក្រសួងបរិស្ថាន រហូតមក។ បច្ចុប្បន្ន ក្រសួងបរិស្ថាន មានបេសកកម្មចម្បង ក្នុងការដឹកនាំ និងគ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍ ដោយចីរភាព សម្រាប់ឧត្តមប្រយោជន៍ យូរអង្វែងរបស់ ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ជំនាន់៕/V