ដោយ: រឹទ្ធិសែន / ពោធិ៍សាត់: កម្លាំងនគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ និងនគរបាល ស្រុកភ្នំក្រវាញ ចុះអនុវត្តដីការបស់តុលាការ បញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យ ជាមេចោរប្លន់ប្រដាប់អាវុធ យ៉ាងសកម្មម្នាក់ នៅខេត្តកំពត និងកូនប្រុសរបស់ ជនសង្ស័យ ពីបទសមគំនិត ដឹកឪពុករបស់ខ្លួន តាមរថយន្ត រត់គេចពីកម្លាំងសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ចចម្រុះ ផ្ទុះអាវុធផ្លាតត្រូវជើង នគរបាល ស្រុកភ្នំក្រវាញ ១នាក់ នៅមុនពេលឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ឪពុក និងកូននោះ។
ហេតុការណ៍បង្ក្រាបជនសង្ស័យ ជាមុខសញ្ញាមេចោរប្លន់នេះ បានធ្វើឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចគល់ស្ពានព្រៃខ្លុង ស្ថិតក្នុងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគបាលខេត្ត ទទួលបន្ទុកកណ្តាលយុត្តិធម៌ ខេត្តពោធិ៍សាត់ បានអោយដឹង តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៣ ធ្នូ នេះថាៈ ករណីនេះ សមត្ថកិច្ច អនុវត្តតាមដីកាចាប់ខ្លួន លេខ៣១០ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់តុលាការ ចេញដោយលោក គាំ គង្គា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពត ក្រោយការស្រាវជ្រាវ រកឃើញមុខសញ្ញា ជនសង្ស័យឈ្មោះ ហេង យ៉ុន ភេទប្រុស អាយុ ៥៧ ឆ្នាំ បានប្រព្រឹត្តឃាតកម្មគិតទុកជាមុន កាលពីវេលាម៉ោង ៩និង៣០ នាទី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ មានលំនៅ នៅភូមិព្រៃពាយ ឃុំត្រពាំងខ្លាំង ស្រុកឈូក ខេត្តកំពត។ ក្រោយពីបានប្រព្រឹត្ត ឃាតកម្មគិតទុកជាមុន រួចមក ជនសង្ស័យ បានគេចខ្លួនពីខេត្តកំពត មកបន្លំលាក់ខ្លួនពួនសម្ងំ រស់នៅក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។
ស្នងការរងនគរបាល ខេត្តពោធិ៍សាត់ បានឲ្យដឹងទៀតថាៈ នៅពេលសមត្ថកិច្ចចម្រុះ បានចុះអនុវត្តតាមដីការបសតុលាការខេត្តកំពតនោះ ជនសង្ស័យ ជាមេចោរប្លន់ប្រដាប់អាវុធម្នាក់នេះ បានត្រូវកូនប្រុសរបស់ខ្លួន ជម្លៀសចេញពីផ្ទះ តាមរថយន្តរបស់កូន ម៉ាកតូយ៉ូតា កាមរី (បាឡែន) ពាក់ស្លាកលេខ ភព ២AX២៣៤៤ បំរុងរត់គេចខ្លួនពីសមត្ថកិច្ច ក៏ប៉ុន្តែភ្លាមនោះ សមត្ថកិច្ច បានតាមប្រមាញ់ និងបានបាញ់បំបែកកង់រថយន្ត និងបានផ្លាតគ្រាប់ត្រូវជើងខាងស្តាំ របស់មន្ត្រីនគរបាលស្រុកភ្នំក្រវាញម្នាក់ ហើយភ្លាមៗនោះ ជនរងគ្រោះ ជាសមត្ថកិច្ច ត្រូវបានដឹកយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្ត ភ្លាមៗដែរ។
ក្រោយពេលបង្ក្រាប ភ្លាមៗនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ក្នុងករណីឃាតកម្ម ឈ្មោះ ហេង យ៉ុង និងកូនប្រុស ឈ្មោះ ស៊ុម យ៉ុន រួមនឹងរថយន្ត ហើយបានធ្វើកំណត់ហេតុ ប្រគល់ជនសង្ស័យ តាមដីកា ទៅឱ្យនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ។
សូមបញ្ជាក់ថា សមត្ថកិច្ចនគបាលព្រហ្មទណ្ឌស្រុកភ្នំក្រវាញ ឈ្មោះ ហ៊ុន ចាន់ធា ហៅ ពៅ ដែលរងរបួស ក្នុងបេសកម្មបង្ក្រាបមុខសញ្ញាឃាតកម្ម ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឧបត្ថម្ភថវិកា ១០០ ដុល្លារ ក្នុងការព្យាបាលរបួស៕/V