ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ចោរបានចូលគាស់កុដិលោកសង្ឃលួចលុយបានជាង១២លានរៀល និងប្រាក់ថៃ១ម៉ឺនបាត រួចគេចខ្លួនបាត់ នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ ស្ថិតក្នុងភូមិប៉ោយចារ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
ព្រះចៅអធិការ ព្រះនាម អ៊ុល ឈី ព្រះជន្ម៧០ព្រះវស្សា គង់នៅវត្តមុន្នីហែមវ័ន្តប៉ោយចារ បានឲ្យដឹងថា៖ នៅពេលកើតហេតុនោះ ព្រះអង្គបាននិមន្តទៅសាលាឆាន់ ដែលនៅខាងជើងកុដិព្រះអង្គគង់នៅ ប្រហែល១០០ម៉ែត្រ ដោយមុនពេលនិមន្តចេញទៅឆាន់ចង្ហាន់ព្រះអង្គបានបិទទ្វារចាក់សោនិងបិទបង្អួច។ ពេលឆាន់ចង្ហាន់រួច ព្រះអង្គនិមន្តមកដល់កុដិវិញ ស្រាប់តែឃើញស្នាមឆ្កឹះសោរទ្វារកុដិ ពេលចូលដល់ក្នុងកុដិឃើញធុងមានទំហំ៤តឹកX២តឹក ធ្វើអំពីស័ង្កសី ដែលព្រះអង្គទុកនៅក្រោមគ្រែសឹង្ហរបស់ព្រះអង្គ មានស្នាមវះដោយកាំបិតយកលុយខ្មែអស់ក្នុងកេះដែកនោះចំនួន៩.០០០.០០០រៀល លុយខ្មែរទុកលើគ្រែចំនួន៣.៥០០.០០០រៀល ប្រាក់ថៃចំនួន១០.០០០បាត ទូរស័ព្ទដៃ១គ្រឿង។
ព្រះអង្គបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលព្រះអង្គនិមន្តចេញពីកុដិទៅសាលាឆាន់ បានឃើញមនុស្សប្រុសម្នាក់ មិនស្គាល់អត្តសញ្ញាណស្លៀកពាក់ស្អាតបាត អង្គុយលើម៉ូតូនៅខាងលិចកុដិប្រហែល២៥ម៉ែត្រ តែព្រះអង្គមិនបានចាប់អារម្មណ៍។ នៅពេលត្រឡប់មកកុដិវិញ ក៏ឃើញទ្វារកុដិរបើកសោ។
ចំណែកនគរបាលបានបញ្ជាក់ថា ទាក់ទិនករណីចោរកម្មនេះ កម្លាំងនគរបាលកំពុងដុតដៃដុតជើង ស្វែងរកមុខសញ្ញាចោរលួចនោះហើយ៕