ដោយ: សរិទ្ធ / ភ្នំពេញ: កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះបង្ក្រាបទីតាំងល្បែងភ្នាល់ តាមអនឡាញ ល្បែងបញ្ជល់មាន់និងឡូតូ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមទាំងសម្ភារមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងផ្លូវលេខ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មនុស្សប្រុសស្រីទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១-ឈ្មោះ សុខ ខៀន ភេទប្រុស អាយុ៧៦ឆ្នាំ, ទី២-ឈ្មោះ សុខ ថាវរី ភេទស្រី អាយុ៣០ឆ្នាំ និងទី៣-ឈ្មោះ ភឹម សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ ។
មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងបន្ថែមថា ទីតាំងបើកល្បែងភ្នាល់ តាមអនឡាញ បញ្ជល់មាន់និងឡូតូ ត្រូវបានមន្ត្រីជំនាញមូលដ្ឋានបានចុះធ្វើកិច្ចសន្យានិងបិទម្ដងរួចមកហើយ តែមិនបានប៉ុន្មានផងម្ចាស់ទីតាំងនៅតែផ្គើននឹងបញ្ជារបស់ថ្នាក់ដឹកនាំ ទើបនៅរសៀលថ្ងៃទី២៣ខែធ្នូ នេះ លោក ឯក ឃុនដឿន អភិបាលអភិបាលខណ្ឌទួលគោកបាន ដាក់បញ្ជាឱ្យកម្លាំងគណះបញ្ជាការឯកភាពចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនបុងចាក់១គ្រឿង។
ក្រោយប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ខាងលើនេះ ទៅសាកសួរនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕