Home ព័ត៌មានជាតិ សង្គម អង្គការ​ឃែ​រ​...

អង្គការ​ឃែ​រ​-​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​កញ្ចប់​សុខភាព​អនាម័យ​បឋម​ទៅដល់​កម្មករ​កម្មការិនី​នៅតាម​រោងចក្រ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ដោយមាន​កិច្ចសហការ​ជា​ដៃគូ​រវាង​អង្គការ​ឃែ​ប្រចាំ​នៅ​កម្ពុជា ជាមួយ​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ លើ​គំរោង​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជា​សាកល នៃ​ជំងឺ​កូ​វីត​១៩-​ថ្មី នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នេះ អង្គការ​ឃែ​បាន​ជួយឧបត្ថម្ភ​កញ្ចប់​សុខភាព​អនាម័យ​បឋម​ទៅដល់​កម្មករ​-​កម្មការិនី ចំនួន​២០០​កញ្ចប់​(​ដំបូង​) រួមមានៈ ឃី​ត​មួយកញ្ចប់​មាន​៨​មុខ (​សាប៊ូ​, កន្សែងដៃ​, ម៉ាស ១​ដុំ​តូច​,​ជេ​ល និង​អាកុល​សម្រាប់​លាងដៃ ថ្នាំ​និង​ច្រាស់​ដុសធ្មេញ​) រួមទាំង​សំភារៈ ប្រើប្រាស់​មួយចំនួនទៀត ដល់​កម្មករ​នៅ​បណ្តា​រោងចក្រ​មួយចំនួន​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដែលជា​រោងចក្រ​គោលដៅ​។​

អង្គការ​ឃែ​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ឧបត្ថម្ភ​នៅ​សំភារៈ​ទាំងនោះ​ដល់ក​ម្មករ​-​កម្មការិនី​តាម​បណ្តា​រោងចក្រ​មួយចំនួន​ដែល​បាន​ព្យួរ​ឬ​បាត់​ការងារ​ធ្វើ​ស្ថិតនៅក្នុង​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ គឺជា​ការឆ្លើយតប​ទាន់ពេលវេលា​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​ថ្មី​ក្នុង​វិស័យ កាត់ដេរ​សំលៀកបំពាក់​នៅ​កម្ពុជា​។​

​លោកស្រី កាន់ រតនៈ​ឧ​ប្បុល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​បាន​ថ្លែងថា ដោយមាន​កិច្ចសហការ​ជាមួយ​អង្គការ​ឃែ​ប្រចាំ​នៅ​កម្ពុជា​នៅថ្ងៃនេះ​បាន​ឧបត្ថម្ភ សំភារៈ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​ថ្មី ផ្តល់ជូន​ដល់ក​ម្មករ​- កម្មការិនី​ដែល​បាន​ព្យួរ ឬ បាត់បង់​ការងារ​។ គោលបំណង​សំខាន់​នៃ​ការប្រគល់​សំភារៈ​សុខភាព អនាម័យ​ទាំងនោះ​ទៅ​គណៈកម្មការ​ពិគ្រោះ​យោបល់​ស្ត្រី និង​កុមារ ខណ្ឌ​សែន​សុខ និង​គណៈកម្មការ​ទទួល​បន្ទុក​ស្ត្រី​និង​កុមារ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដែលជា​ការឆ្លើយតប​ជំងឺ​កូ​វីដ​-១៩​ថ្មី ក្នុង​ការអប់រំ​ផ្សព្វផ្សាយ សកម្មភាព​ទប់ ស្កាត់​អំពើហិង្សា ទាក់ទង​និង​យេនឌ័រ និង​សុខភាព​បន្ត​ពូជ​អំឡុងពេល​នៃ​ការឆ្លង រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​គោលដៅ​។​

​ចំណែក​តំណាង​អង្គការ​ឃែ​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា កញ្ចប់​សុខភាព​និង​អនាម័យ​ដែល​បាន​ចែកជូន​ដល់ក​ម្មករ​-​កម្មការិនី នៅពេលនេះ​ជាការ​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ទប់ស្កាត់​បង្កា​ការពារ ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី នៅតាម​បណ្តា​រោងចក្រ​សហគ្រាស​និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។​

​ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ និង​តំណាង​អង្គការ​ឃែ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី ក៍​ដូចជា​យុវជន​ចូលរួម​ការពារ​អនាម័យ​ឲ្យ​បាន​ភ្ជាប់​ភ្ជួ​ន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​ការណែនាំ​របស់​រាជរដ្ឋាភិបាល​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular