Home ព័ត៌មានសំខាន់ៗ រដ្ឋមន្ត្រី​ស...

រដ្ឋមន្ត្រី​សុខាភិបាល​ប្រាប់​អភិបាល​រាជធានី​/​ខេត្ត ត្រូវ​ពង្រឹង​ការគ្រប់គ្រង​ច​ត្តា​ឡី​ស័ក​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ស្តីពី​ការពង្រឹង​ការគ្រប់គ្រង​ច​ត្តា​ឡី​ស័ក និង​ការអនុវត្ត​វិធានការ​សុខភាព​សាធារណៈ បង្ការ​ការឆ្លង​ជាយថាហេតុ​នូវ​វីរុស​កូ​វីដ​-១៩ ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ​។

​ការ​ជម្រាប​ជូនទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត គឺ​យោង​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​។​
​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​២៣ ខែធ្នូ នេះ បាន​ជម្រាបជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត​ថា ក្នុងពេល​កន្លងមកនេះ ការងារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង ការគ្រប់គ្រង​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ ក្នុង​រយៈពេល​កន្លងទៅ មាន​លទ្ធផល​ល្អប្រសើរ​គួរ​ជាទី​មោទនៈ​។ ទោះជា​យ៉ាងនេះ​ក្តី ដោយសារ​មាន​ខេត្ត​ខ្លះ មានការ​ដាក់​ពលករ​មកពី​ប្រទេស​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ អាចមាន ចំនួន​លើសពី​បន្ទុក​ដែល​អាច​គ្រប់គ្រង​បាន ដែលជា​ការព្រួយបារម្ភ​សម្រាប់​ការងារ​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។
​សូម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​ខ្ពស់​ជា​បន្តទៀត ក្នុងការ​គ្រប់គ្រង អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ និង​ការគ្រប់គ្រង​អ្នកដំណើរ​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រក​អន្តរជាតិ និង​តាម​ច្រករបៀង​ទាំងអស់​នៅតាម​ព្រំប្រទល់​កម្ពុជា​-​ថៃ ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ដោយ​អនុវត្តតាម​ការណែនាំ មាន​ដូចតទៅ​៖

– សម្រាប់​ពលករ​មកពី​ប្រទេស​ថៃ ចូល​តាម​ច្រក​អន្តរជាតិ និង​តាម​ច្រករបៀង​ទាំងអស់​នៅតាម​ព្រំប្រទល់​កម្ពុជា​-​ថៃ ត្រូវធ្វើ​ការ​ឆែក​កំដៅ និង​បំពេញ​សេចក្តីប្រកាស​ព័ត៌មាន​សុខភាព​អ្នកដំណើរ​ជាមុន​។ ដើម្បី​បញ្ចៀស​ការកកស្ទះ នៃ​ការយក​វត្ថុ​សំណាក​នៅតាម​ច្រកចូល​សម្រាប់​ពលករ​ម​ក​ពី​ប្រទេស​ថៃ ក្រោយពី​ពិនិត្យ​សុខភាព​៖

-​ក្នុងករណី​សង្ស័យ ត្រូវយក​វត្ថុ​សំណាក​ភ្លាមៗ ដើម្បី​ផ្ញើមក​ធ្វើ​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន ជាតិ​សុខភាព​សាធារណៈ ឬ​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ហើយ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដើម្បី​រង់ចាំ​លទ្ធផល វិភាគ​សិន​។ បើ​លទ្ធផល​វិជ្ជមាន​វីរុស​កូវ​ដ​-១៩ ត្រូវ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​តែម្តង តែបើ​អវិជ្ជមាន ទើប​អនុញ្ញាត​ឲ្យ ដឹកជញ្ជូន​តាម​រថយន្ត​កងទ័ព​ទៅតាម​មូលដ្ឋាន​រាជធានី -​ខេត្ត ដែល​គាត់​ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។

-​សម្រាប់​អ្នក​ដែល​មិនមាន​ការសង្ស័យ ត្រូវ​ដឹកជញ្ជូន​ភ្លាមៗ​ទៅតាម​មូលដ្ឋាន​រាជធានី -​ខេត្ត ដោយ​មធ្យោបាយ​កងទ័ព និង​ត្រូវយក​វត្ថុ​សំណាក​នៅតាម​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​នោះ​តែម្តង​។

– ត្រូវ​ផ្គត់ផ្គង់​ម្ហូបអាហារ និង​របស់​ប្រើប្រាស់​សម្រាប់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ នៅតាម​មណ្ឌល ច​ត្តា​ឡី​ស័ក​រាជធានី -​ខេត្ត ខណ្ឌ ឬ​ស្រុក ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ គាំទ្រ ជា​ថវិកា​និង​សំភារៈ​ជូន​រាជធានី -​ខេត្ត រួចហើយ ព្រមទាំង​បាន​ឯកភាព​ប្រគល់ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ឱ្យទទួល​ខុស ត្រូវ​តាមដាន និង​គ្រប់គ្រង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​មូលដ្ឋាន​ក្រោម​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

– ប្រសិនបើ​មាន​ពលករ​លួច​ចូល​មកពី​ប្រទេស​ថៃ ដោយ​មិនបាន​ត្រួតពិនិត្យ​នៅ​ព្រំដែន និង​មិនបាន​ធ្វើដំណើរ​តាម មធ្យោបាយ​កងទ័ព សុំ​អាជ្ញាធរ​រាជធានី​-​ខេត្ត ធ្វើការ​ណែនាំ​ទៅ​ស្រុក ខណ្ឌ ឃុំ សង្កាត់ និង​ភូមិ ដើម្បី​រៀបចំ​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​នៅផ្ទះ ឬ​នៅ​កន្លែង​ដែល​មូលដ្ឋាន​រៀបចំ​ឲ្យ និង​ត្រូវយក​វត្ថុ​សំណាក​របស់​ពួកគាត់​ធ្វើការ​វិភាគ​នៅ​វិទ្យា ស្ថាន​ប៉ាស្ទ័រ​កម្ពុជា វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ឬ​មន្ទីរ​ពេ​ទ្ឋ​ខេត្តសៀមរាប​។ ក្នុងករណី ដែលមាន​ពលករ មកពី​ប្រទេស​ថៃ​បាន​ទៅដល់​ផ្ទះសម្បែង​របស់​ពួកគាត់​រួចហើយ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ និង ក្តាប់​ឲ្យ​បាន​នូវ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់​ពួកគាត់ និង​ត្រូវមាន​ការតាមដាន​សុខភាព​ពួកគាត់​ជាប្រចាំ​។

– ណែនាំ និង​ចាត់វិធានការ​តាមដាន​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ខាងលើនេះ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត ចៀសវាង​ការ​របូត​ចេញពី​ទីកន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​យើង​មិនបាន​ដឹង ចាំបាច់​ត្រូវ​ចាត់តាំង​កម្លាំង​សមត្ថកិច្ច​តាមដាន និង ឃ្លាំមើល​ពួកគាត់​ជាប់​ជាប្រចាំ ជាពិសេស​អាជ្ញាធរ​ភូមិ ឃុំ ស្រុក សមាគមនារី តំណាង​សហគមន៍ និង​ក្រុមគ្រួសារ ត្រូវ បាន​លើកទឹកចិត្ត​ឲ្យ​ចូលរួម​តាមឃ្លាំមើល​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​គ្រប់​ចំនួន ១៤​ថ្ងៃ ដូចដែល​យើង ធ្លាប់​បានធ្វើ​រួចមកហើយ សម្រាប់​ពលករ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ កាលពី​ខែមេសា ឆ្នាំ​២០២០​។​

– ណែនាំ និង​ចាត់វិធានការ ជំរុញ​ប្រជាជន​ក្នុង​សហគមន៍​ឱ្យ​យកចិត្តទុកដាក់​រក្សា​អនាម័យ​ឲ្យ​បាន​ស្អាត​ជានិច្ច ដោយ​លាងដៃ​ជាមួយ​ទឹកស្អាត​នឹង​សាប៊ូ អាល់កុល ឬ​ជែ​ល​លាងដៃ ឱ្យបាន​ញឹកញាប់​ប្រើប្រាស់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ ជាប្រចាំ (​ឬ​នៅ​ក្នុងករណី​ចាំបាច់​) ឬ​ប្រើ​កន្សែង ក្រ​ម៉ា ឬ​ក្រដាស​ជូត​មាត់ ដើម្បី​ខ្ទប់មាត់ និង​ច្រមុះ​ពេល​ក្អក -​កណ្តាស់​។

– ត្រូវ​តាមដាន​សុខភាព​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ជាប់​ជាប្រចាំ និង​ត្រូវ​រាយការណ៍​ឱ្យបាន​ឆាប់រហ័ស​ជូន​ដល់​អាជ្ញាធរ ពាក់ព័ន្ធ ឬ​មន្ទីរ​សុខាភិបាល​ខេត្ត ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិតៗ ឬ​ក្រុម​ឆ្លើយតប​បន្ទាន់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ទាន់​ហេតុការណ៍ ១១៥ (​ដោយ​មិន​គិតថ្លៃ​) របស់​ក្រសួងសុខាភិបាល រាល់ពេល​សង្កេតឃើញ​មាន​ករណី​សង្ស័យ​ចូលក្នុង​និយមន័យ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

– អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចាត់តាំង​កម្លាំង​មាន​សមត្ថកិច្ច ធ្វើការ​យាមកាម ឲ្យ​បាក​ដិតដល់ ព្រមទាំង​ក្រុម ការងារ​តាមដាន និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ នូវ​ការអនុវត្ត​វិធានការ​បង្ការ​ការឆ្លង​ជាយថាហេតុ​នូវ​វីរុស​កូ​វីដ​-១៩ ដោយ​ការទទួលខុសត្រូវ​ខ្ពស់​។​

– ប្រសិនបើ​បុគ្គល​ណា មិន​គោរព​អនុវត្តតាម​វិធានការ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ ឬ​រត់ចេញ ឬ​គេចវេស​ពី​ការធ្វើ ច​ត្តា​ឡី​ស័ក អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅនឹងកន្លែង ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរខេត្ត ត្រូវ​ចាត់ វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន ដោយមាន​ការពិន័យ​អន្តរការណ៍ ពី ២០០,០០០​រៀល ទៅ ១,០០០,០០០ រៀល និង​ទោស​ព្រហ្មទណ្ឌ​ទៅតាម​ច្បាប់​កំណត់​ដែលមាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥​។​

​លោក​រដ្ឋមន្ត្រី​បន្តថា អាស្រ័យហេតុនេះ សូម​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត មេត្តា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ការណែនាំ​ខាងលើនេះ ដើម្បី ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​កាត់ផ្តាច់​ខ្សែចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ មិន​ឲ្យ​មានការ​ចម្លង​ចូលក្នុង​សហគមន៍​យើង​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular