Home ព័ត៌មានជាតិ នយោបាយ សម្ដេច​កិ​ត្ដ...

សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល ពិនិត្យ​សកម្មភាព​ការងារ​ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២១

ដោយ​: សុផល / ភ្នំពេញ​: សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​រសៀល​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្ដាល ដើម្បី​ពិនិត្យ​សកម្មភាព​ការងារ ឆ្នាំ​២០២០ និង​ទិសដៅ​ការងារ ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​នេះ​បាន​ត្រូវធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​ដើម្បី​ពិភាក្សា​និង​អនុម័ត លេ​របៀបវារៈ​សំខាន់ៗ​ដូចជា ៖ របាយការណ៍​សកម្មភាព​ឆ្នាំ​២០២០ និង​ទិសដៅ​ឆ្នាំ​២០២១, របាយការណ៍​ចំណូល ចំណាយ ឆ្នាំ​២០២០ និង​ការព្យាករណ៍ ចំណូល​ថវិកា​នៅ​ឆ្នាំ​២០២១,​ការស្នើសុំ​អនុម័ត​ផែនការ​ថវិកា​សម្រាប់​ចំណាយ​ជា​អាទិភាព​នៅ ឆ្នាំ​២០២១​។

​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ អធិបតី​ស្រឹង្គារ គង់ សំអុល អនុប្រធាន​អចិន្ដ្រៃយ៍​, លោកស្រី​កិ​ត្ដិ​សង្គហ​បណ្ឌិត ឃួន សុ​ដា​រី និង​លោកស្រី អា​ន្នី សុខ​អាន អនុប្រធាន​, លោកស្រី​កិ​ត្ដិ​បណ្ឌិត អ៊ុក ម៉ាលី អគ្គហិរញ្ញិក​, សមាជិក​គណៈកម្មាធិកា​រ​កណ្តាល និង​មន្ដ្រី​ប្រតិ​ប​ត្ដិ សរុប​ចំនួន ២២​នាក់​។​

​ក្នុងឱកាស​នោះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ថ្លែង​នូវ​ការកោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការ​កណ្តាល និង​មន្ត្រី​កាកបាទក្រហមកម្ពុជា​ទាំងអស់ គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាជន​ងាយ​រងគ្រោះ​បំផុត​នៅ​ទូទាំងប្រទេស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ជាពិសេស​ក្នុងការ​ឆ្លើយតប​គ្រោះទឹកជំនន់​នាពេល​កន្លងមក និង​ចូលរួម​ប្រយុទ្ធ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរស​ជនជាតិ អន្តរជាតិ​ទាំងអស់ ដែល​ផ្តល់​សេចក្តីទុកចិត្ត និង​បរិច្ចាគ​ធនធាន​ជូន​ដល់​កាកបាទក្រហមកម្ពុជា បើទោះបីជា កាកបាទក្រហមកម្ពុជា បាន​ផ្អាក​ការ​ប្រារព្ធ​ទិវា ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ហើយ​ជាពិសេស​នោះ គឺ​ព្រះ​រាជូបត្ថម្ភ​នូវ​ព្រះរាជ​ទ្រព្យ​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់ ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ហើយ​ដែល​កាកបាទក្រហមកម្ពុជា បាន​យកទៅ​ចាត់ចែង​ជួយ​ដល់​ប្រជានុរាស្ត្រ​ងាយ​រងគ្រោះ និង​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព​។​

​ទន្ទឹមនឹងនេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន បានផ្តល់​អនុសាសន៍​ដ​ល់​មន្ត្រី​ប្រតិបត្តិ​ទាំងអស់ ទាំង​ថ្នាក់កណ្តាល សាខា​-​អនុសាខា ព្រមទាំង​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ត្រូវ​បន្ត​រក្សា​សាមគ្គីភាព ពង្រឹង​ភាពរឹងមាំ​ភាព ម្ចាស់ការ និង​ខិតខំ​បំពេញការងារ​បន្ថែមទៀត ដើម្បី​ជួយ​សម្រាល​ការលំបាក​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​កាន់តែច្រើន​ថែមទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular