ដោយ: សុផល / ភ្នំពេញ: លោកច្រឹក សុខនីម បានត្រូវជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) មួយអាណត្តិទៀត ដើម្បីបន្តដឹកនាំសមាគមសម្រាប់អាណត្តិទី៧ សម្រាប់ឆ្នាំ២០២១ ដល់ឆ្នាំ២០២២។
ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសមាគមសម្រាប់អាណត្តិថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីអាណតិ្តទី៦ (ឆ្នាំ២០១៩-២០២០) ដែលដឹកនាំដោយលោក ច្រឹក សុខនីម នឹងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ២០២០នេះ។
ក្នុងអាណត្តិទី៧នេះ មានបេក្ខភាពចំនួនពីររូបដែលបានឈរឈ្មោះជាប្រធានសមាគមរួមមាន លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage Co.,Ltd និងលោក វ៉ន ចាន់ថន នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd។
សមាជិកសមាគមចំនួន៩៦ ក្រុមហ៊ុនបានចូលរួមបោះឆ្នោតនៅថ្ងៃនេះ ក្នុងចំណោមសមាជិកដែលមានសិទ្ធិបោះឆ្នោតសរុបពីតំណាង ១០២ក្រុមហ៊ុន។ លោក ច្រឹក សុខនីម ទទួលបានសំឡេងឆ្នោតគាំទ្រ ៤៩សំឡេង ចំណែកឯលោក វ៉ន ចាន់ថន ទទួលបាន ៤៧សំឡេង។
លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា «ក្នុងអាណត្តិទី៦ សមាគមបានសម្រេចបេសកម្មសំខាន់ៗ ដូចជា ការលើកកម្ពស់ និងពង្រីកសមត្ថភាព ធនធានមនុស្សក្នុងវិស័យអចលនទ្រព្យ ហើយលោកនឹងបន្តបេសកម្មថ្មីៗ ដើម្បីភាពរីកចម្រើនរបស់សមាគម ក៏ដូចជា វិស័យអចលនទ្រព្យបន្ថែមទៀត។ សម្រាប់អាណត្តិថ្មីនេះ យើងនឹងផ្តោតលើការលើកកម្ពស់ការអប់រំ សមត្ថភាព គុណភាព និងកម្រិតជីវភាពរបស់សមាជិកឲ្យរឹតតែប្រសើរឡើង និងជាពិសេសជំរុញការធ្វើការងាររួមគ្នា ដើម្បីដឹកនាំ CVEA ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ»។
ទន្ទឹមគ្នានេះ លោក លឹម សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុន Realtor 168 Co.,Ltd ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមក្នុងអាណត្តិថ្មីនេះផងដែរ ក្នុងចំណោមបេក្ខភាពឈរឈ្មោះទាំង៦រូប៕