ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំបានព្រមានកាលពីថ្ងៃពុធទី២៣ធ្នូថាលោកនឹងចាប់ “អ៊ីរ៉ង់ឱ្យទទួលខុសត្រូវ”ក្នុងករណីមានការវាយប្រហារដ៏សាហាវទៅលើជនជាតិអាម៉េរិកនៅអ៊ីរ៉ាក់ ខណៈខួបលើកទី១ នៃការសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ម្នាក់នៅក្នុងការវាយប្រហារតាមអាកាសរបស់អាម៉េរិក កាន់តែខិតជិតមកដល់។
លោកត្រាំបាននិយាយនៅលើបណ្តាញសង្គម Twitter ដោយសំដៅទៅលើការវាយប្រហារដែលបណ្តាលឱ្យខូចខាតប៉ុន្តែមិនមានមនុស្សស្លាប់យ៉ាងដូច្នេះថា”ស្ថានទូតរបស់យើងនៅបាកដាដបានរងការវាយប្រហារដោយរ៉ុក្កែតជាច្រើនគ្រាប់កាលពីថ្ងៃអាទិត្យ។ ទាយមើលវាមកពីណា គឺ អ៊ីរ៉ង់”។
លោកបានបន្ថែមថា “ឥឡូវនេះយើងស្តាប់ឮគេនិយាយអំពីការវាយប្រហារបន្ថែមទៀតប្រឆាំងនឹងជនជាតិអាម៉េរិកនៅអ៊ីរ៉ាក់។ សូមផ្តល់ដំបូន្មានក្នុងបំណងល្អដល់អ៊ីរ៉ង់ថាប្រសិនបើជនជាតិអាម៉េរិកណាម្នាក់ត្រូវបានសម្លាប់ ខ្ញុំនឹងចាប់អ៊ីរ៉ង់ឱ្យទទួលខុសត្រូវ។ ចូរគិតពិចារណាឱ្យច្បាស់លាស់”។
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ម៉ៃ ផមផេវ បានចង្អុលដាក់រដ្ឋាភិបាលក្រុងតេអេរ៉ង់រួចហើយ ខណៈទីបញ្ជាការយោធាអាម៉េរិកដែលគ្របដណ្តប់លើតំបន់នោះបានលើកឡើងថាការវាយប្រហារដោយគ្រាប់រ៉ុក្កែត “ពិតជាត្រូវបានធ្វើឡើងដោយក្រុមជីវពលឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់”។
អ៊ីរ៉ង់បានឆ្លើយតបវិញ ដោយកាលពីថ្ងៃចន្ទអំពាវនាវដល់អាជ្ញាធរអាម៉េរិកកុំឱ្យ “បង្កភាពតានតឹង”។
លោកត្រាំបានបញ្ជាឱ្យវាយប្រហារដោយយន្តហោះដ្រូននៅថ្ងៃទី ៣ ខែមករាឆ្នាំ ២០២០ ដើម្បីសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ដ៏មានឥទ្ធិពលម្នាក់ ខណៈឧត្តមសេនីយ៍នេះកំពុងនៅក្រុងបាកដាដ។ការវាយប្រហារតាមអាកាសនោះបានកើតឡើងបន្ទាប់ពីកងជីវពលគាំទ្រដោយអ៊ីរ៉ង់បានបាញ់រ៉ុក្កែតទៅលើគោលដៅរបស់សហរដ្ឋអាម៉េរិកនៅអ៊ីរ៉ាក់ក្នុងសេណារីយ៉ូមួយដែលបង្ហាញពីការវាយប្រហារចុងក្រោយប្រឆាំងនឹងស្ថានទូតអាម៉េរិក៕
ស្ថានទូតអាម៉េរិកប្រចាំក្រុងបាកដាដ