ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃពុធទី២៣ធ្នូថា ជនជាតិអាម៉េរិកជាងមួយលាននាក់បានទទួលវ៉ាក់សាំងកូវីដ១៩ដូសដំបូងរបស់ពួកគេខណៈសហរដ្ឋអាម៉េរិកសម្លឹងវិលត្រឡប់ទៅរកប្រក្រតីភាពវិញនៅរដូវក្តៅខាងមុខ។
ដំណឹងនេះកើតឡើងនៅពេលដែលករណីឆ្លងនៅរដូវរងាបន្តកើនឡើងនៅទូទាំងប្រទេស កន្លែងដែលវីរុសកូរ៉ូណាបានឆក់យកជីវិតមនុស្សជាង ៣២០.០០០ នាក់។
នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) លោក រ៉ូបឺត ហ្វៀល និយាយថា ដែនសមត្ថកិច្ចរបស់ទីភ្នាក់ងារគាត់បាននាំឱ្យប្រជាជនជាង១លាននាក់បានចាក់វ៉ាក់សាំងចាប់តាំងពីការជំរុញចាក់ថ្នាំបង្ការធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអាម៉េរិកបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែធ្នូ។
វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ចំនួន៣ លានដូសត្រូវបានដាក់ឱ្យប្រើកាលពីសប្តាហ៍មុនហើយគោលដៅផ្លូវការសម្រាប់សប្តាហ៍នេះគឺវ៉ាក់សាំង Pfizer ចំនួន ២ លានដូសទៀតនិង ៦ លានដូសពីក្រុមហ៊ុន Moderna។
លោក ម៉ុនសេហ្វ ស្លាវវី ប្រធានទីប្រឹក្សានៃប្រតិបត្តិការ Warp Speed របស់រដ្ឋាភិបាល បាននិយាយថា គោលបំណងនៃការចាក់វ៉ាក់សាំងមនុស្ស ២០ លាននាក់ក្នុងខែនេះគឺ “ហាក់មិនអាចបំពេញបានទេ” ដោយបន្ថែមថា ការពន្យារពេលដឹកវ៉ាក់សាំងនិងចាក់វ៉ាក់សាំងដល់ទីតាំងបានចាប់ផ្តើមលេចឡើង។
ប៉ុន្តែលោកជឿជាក់ថាអាចចាក់វ៉ាក់សាំងឱ្យមនុស្ស១០០លាននាក់នៅត្រីមាសទីមួយនៃឆ្នាំ២០២១ និង ១០០លាននាក់ទៀតនៅត្រីមាសទី២៕
មនុស្សជាង១លាននាក់ហើយបានចាក់វ៉ាក់សាំងកូវីដ១៩នៅសហរដ្ឋអាម៉េរិក