ចិន​ស្រមើល​ស្រមៃ​ចង់​ក្លាយ​ជា​មហាអំណាច​បច្ចេក​វិជ្ជា តើ​អាច​ក្លាយជា​ការពិត​ទេ​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​សិង្ហ​បុរី​៖ ក្តី​សុបិន​របស់​ចិន​ក្នុងការ​ក្លាយជា​អ្នកដឹកនាំ​ពិភពលោក​ខាង​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា (S&T)​បាន​ជំរុញ​ទឹកចិត្ត​ទាំង​អ្នក​កោតសរសើរ​និង​អ្នក​សង្ស័យ​អស់​រយៈ​​ពេល​ជា​ច្រើន​ឆ្នាំ​មកហើយ​។​

​ចិន​បាន​បាញ់​បង្ហោះ​យាន​មាន​មនុស្ស បញ្ជូន​ផ្កាយរណប​គមនាគមន៍​ដំបូងបង្អស់​របស់​ពិភពលោក​ទៅ​ទី​អវកាស និង កំពុង​ដឹកនាំ​ពិភពលោក​ចូលទៅ​ក្នុង​សម័យ 5G ។​

​ប៉ុន្តែ​ចិន​នៅ​កំពុង​តស៊ូ​ដោះស្រាយ​បញ្ហា​ផ្សេង​ទៀត​ជាច្រើន ហើយ​ប្រឈមមុខ​នឹង​បញ្ហា​ថ្មីៗ ដែល​ចោទ​ជា​សំណួរ​អំពី​អនាគត S&T របស់ខ្លួន​។​

​វិសាលភាព​នៃ​មហិច្ឆតា​បច្ចេកវិជ្ជា​ខ្ពស់​របស់​ចិន​ក្រោម​ការដឹកនាំ​របស់​លោក​ប្រធានាធិបតី​ស៊ី ជិន​ភីង បាន​បង្ហាញ​យ៉ាង​ច្បាស់​នៅក្នុង​គំនិត​ផ្តួចផ្តើម​នៃ​គោលនយោបាយ​ជា​បន្តបន្ទាប់​។​

​ចាប់តាំងពី​ឆ្នាំ ២០១៤ មក ការកែទម្រង់​យ៉ាង​ខ្លាំងក្លា​បាន​ផ្លាស់ប្តូរ​ប្រព័ន្ធ​ថវិកា​វិទ្យាសាស្ត្រ​របស់​ចិន​។ ក្នុង​ឆ្នាំ ២០១៥ កម្មវិធី​ផលិត​ក្នុង​ប្រទេស​ចិន​ឆ្នាំ​២០២៥ (MIC2025)​បាន​ផ្តល់​អាទិភាព​ដល់​ការគាំទ្រ​​របស់​រដ្ឋ​សម្រាប់​វិស័យ​បច្ចេកវិជ្ជា​ខ្ពស់​ចំនួន ១០ ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​ភាព​គ្រប់គ្រាន់​ដោយ​ខ្លួនឯង​ចំនួន ៧០ ភាគរយ​នៅក្នុង​គ្រឿងបន្លាស់​ស្នូល​និង​សម្ភារៈ​មូលដ្ឋាន​ក្នុង​ឆ្នាំ ២០២៥ ។​

​ក្នុង​ឆ្នាំ ២០១៧ ចិន​បាន​បង្ហាញ​ផែនការ​ដើម្បី​ក្លាយជា “​មជ្ឈមណ្ឌល​ច្នៃប្រឌិត​បច្ចេកវិជ្ជា​បញ្ញា​និម្មិត​បឋម​របស់​ពិភពលោក​” ក្នុង​ឆ្នាំ ២០៣០ ។​

– ការបង្កើន​ចំណាយ​លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​

​មូលដ្ឋានគ្រឹះ​នៅ​ពីក្រោម​មហិច្ឆតា​ទាំងនេះ​គឺ​ការបង្កើន​ការវិនិយោគ​លើ​បច្ចេកវិជ្ជា​ច្រើនឡើង​។​

​ក្នុង​ឆ្នាំ ២០១៨ ចំណែក​នៃ​ការវិនិយោគ​លើ​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ពិភពលោក (R&D) របស់​ចិន​មាន​ចំនួន ២២ ភាគរយ ពោលគឺ​ឈរ​នៅ​លំដាប់​ទី ២ បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​ដែល​មាន​ចំណែក ២៥ ភាគរយ​។ ចិន​ត្រូវ​គេ​រំពឹងថា​នឹង​ចំណាយ​នាំមុខ​អាម៉េរិក​វិញ​ក្នុង​ឆ្នាំ ២០២៥ ។​

​ប្រហែលជា ៣ ភាគ ៤ នៃ​ការវិនិយោគ R&D របស់​ចិន​គឺ​បានមកពី​អាជីវកម្ម​។ ទោះយ៉ាងណា​ក៏ដោយ មន្ត្រី​រដ្ឋាភិបាល​នៅ​តែ​ចូលរួម​យ៉ាង​ខ្លាំង​ក្នុង​ការបែងចែក​ដើមទុន មិន​ត្រឹមតែ​តាមរយៈ​ធនាគារ​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​តាមរយៈ​មធ្យោបាយ​ផ្សេងទៀត​រួម​ទាំង​មូលនិធិ​វិនិយោគ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ផងដែរ​។​

​បញ្ជី​វែង​ទៅៗ​នៃ​សមិទ្ធិផល S&T របស់​ចិន​មិន​ឆ្លុះបញ្ចាំង​ពី​លំហូរ​វិនិយោគទុន​ទេ​។ ការអនុវត្ត​របស់​ចិន​ប្រហែល​ជា​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​វិទ្យាសាស្ត្រ​មូលដ្ឋាន ទោះបីជា​ចិន​វិនិយោគ​តិចតួច​លើ​ការស្រាវជ្រាវ​មូលដ្ឋាន ខណៈ​ដែល​ចំណែក​នៃ​ការចំណាយ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជាតិ​មាន​ច្រើន​ជាង​បណ្តា​ប្រទេស​ឈានមុខ​ខាង​វិទ្យាសាស្ត្រ​ដទៃទៀត​ក៏ដោយ​។​

​ការអនុវត្ត​គួរឱ្យ​កត់សម្គាល់​របស់​ចិន​ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់​នៅក្នុង​ស​ន្ទ​ស្សន៍​ធម្មជាតិ ដែល​តាមដាន​ពី​ពេលវេលា​ដែល​អ្នកវិទ្យាសាស្ត្រ​មកពី​ប្រទេស​ផ្សេងៗ​គ្នា​បោះពុម្ភផ្សាយ​នៅក្នុង​ទិនានុប្បវត្តិ​កំពូលៗ​នៅលើ​ពិភពលោក​។ ខណៈពេល​ដែល​សហរដ្ឋ​អាម៉េរិក​នៅតែ​នាំមុខ ពិន្ទុ​របស់​ចិន​បាន​កើនឡើង​ពី ២៤ ទៅ ៦៧ ភាគរយ​នៃ​ពិន្ទុ​របស់​សហរដ្ឋ​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ ២០១២ ។​

​ការកើនឡើង​នៃ​វិទ្យាសាស្ត្រ​មូលដ្ឋាន​របស់​ចិន​ឆ្លុះបញ្ចាំង​ពី​សម្ពាធ​ខ្លាំង​មួយ​ផ្នែក​ទៅ​លើ​អ្នកវិទ្យាសាស្ត្រ​របស់​ខ្លួន​ដើម្បី​បោះពុម្ពផ្សាយ​អត្ថបទ​លំដាប់​កំពូលៗ​ក្នុងពេល​ដ៏​ខ្លី តែ​វា​អាច​បង្កើត​ឱ្យ​មាន​កំហុស​វិជ្ជាជីវៈ​រួមទាំង​ការលួចចម្លង​និង​ការ​ពិនិត្យ​មើល​ក្លែងក្លាយ​ពី​មិត្ត​អ្នកវិទ្យាសាស្ត្រ​ដូចគ្នា​។​

​ការអនុវត្ត​របស់​ចិន​ក៏​បង្ហាញ​ពី​កម្រិត​នៃ​កិច្ចសហការ​រវាង​សហគមន៍​វិទ្យាសាស្ត្រ​អាម៉េរិក​និង​ចិន​ផង​ដែរ ដែល​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​លំហូរ​និស្សិត ការផ្លាស់ប្តូរ​ការសិក្សា និង​ការស្រាវជ្រាវ​រួមគ្នា​។ ចិន​បាន​ក្លាយជា​ប្រភព​សហ​អ្នកនិពន្ធ​ឈាន​មុខ​គេ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​។​

– ការអនុវត្ត​ចម្រុះ​លើ​ផ្នែក​សាជីវកម្ម​

​ការអនុវត្ត​របស់​ចិន​លើ​ផ្នែក​សាជីវកម្ម​គឺ​មាន​ភាព​ចម្រុះ​។ ការនាំ​មុខ​របស់​ក្រុមហ៊ុន Huawei នៅក្នុង​បណ្តាញ 5G គឺ​គួរឱ្យ​ចាប់អារម្មណ៍​និង​ល្បីល្បាញ ទោះបីជា​ផ្នែក​ហាដវែ​របស់​ខ្លួន​មាន​ភាព​ងាយ​រងគ្រោះ​ជាង​ក្រុមហ៊ុន​ផ្សេង​ក៏​ដោយ​។​

​ក្រុមហ៊ុន​ចិន​ជាច្រើន​ទៀត​ក៏​នាំមុខ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​បច្ចេកវិជ្ជា​បញ្ញា​និម្មិត​ដូចជា ការ​សម្គាល់​ផ្ទៃមុខ ផងដែរ​។​

​ចិន​ក៏​មាន​បណ្តុំ​ក្រុមហ៊ុន​ថ្មីថ្មោង​ដ៏​រស់​រវើក​ផងដែរ គឺ​ស្មើនឹង ២៤ ភាគរយ​នៃ​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​នៅ​លើ​ពិភពលោក (​ក្រុមហ៊ុន​ទើប​ចាប់ផ្តើម​របស់​ឯកជន​មានតម្លៃ​ជាង ១ ពាន់​លាន​ដុល្លារ​)​។ ខណៈ​ដែល​ចំណែក​នៃ​ក្រុមហ៊ុន​ថ្មីថ្មោង​របស់​ចិន​នៅ​ទាប​ជាង​សហរដ្ឋ​អាម៉េរិក (៤៨ ភាគរយ​) ចិន​បាន​ស្ថិតនៅ​លើ​ឥណ្ឌា​ដែល​នៅ​ចំណាត់ថ្នាក់​ទី​បី (៥ ភាគរយ​) ។​

​តម្លៃ​សរុប​របស់​ចិន​ក៏​រាប់បញ្ចូល​ផងដែរ​នូវ​ក្រុមហ៊ុន​ថ្មីថ្មោង​ថ្លៃ​បំផុត​ទាំង​ពីរ​នៅលើ​ពិភពលោក គឺ ByteDance និង Didi Chuxing​។​

​ប៉ុន្តែ ក្រុមហ៊ុន​ថ្មីថ្មោង​របស់​ចិន​មិនសូវមាន​អ្វី​គួរឱ្យ​ចាប់អារម្មណ៍​ទេ​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ថ្លៃ​បំផុត​របស់​ចិន​នៅលើ​ពិភពលោក​បាន​ផ្លាស់ប្តូរ​តិចតួច​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមកនេះ​។​

​ក្នុង​ឆ្នាំ ២០២០ ចិនដីគោក​មាន​ក្រុមហ៊ុន​ចំនួន ១៤ ក្នុងចំណោម​ក្រុមហ៊ុន​កំពូលៗ​ទាំង ១០០ នៅលើ​ពិភពលោក​គិត​លើ​មូលធន​ប័ត្រ​ទីផ្សារ ដែល​ជា​ការកើនឡើង​តិចតួច​ពី ១១ ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០០៩​។ ផ្ទុយ​មកវិញ ក្រុមហ៊ុន​អាម៉េរិក​មាន​ចំនួន​ដល់​ទៅ​៥៧​។​

​ខណៈ​ចិន​មាន​ក្រុមហ៊ុន​ចំនួន​ពីរ​គឺ Alibaba និង Tencent ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​កំពូលៗ​ទាំង ១០ ក្រុមហ៊ុន​បច្ចេកវិជ្ជា​អាម៉េរិក​ចំនួន ៥ ស្ថិតក្នុង​ចំណោម​ក្រុមហ៊ុន​កំពូល​ទាំង ៦ លើ​ពិភពលោក​។​

– បញ្ហា​ប្រឈម​ថ្មីៗ​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ី​

​មហិច្ឆតា​បច្ចេកវិជ្ជា​ខ្ពស់​របស់​ចិន​កំពុង​ជួប​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​ក្រោម​ការដឹកនាំ​របស់​លោក​ស៊ី ជីន​ភីង​។ ការគ្រប់គ្រង​អ៊ី​ន​ធឺ​ណេត​កាន់តែតឹងរ៉ឹង​បាន​ធ្វើឱ្យ​មាន​ការ​ត្អូញត្អែរពី​អ្នកវិទ្យាសាស្ត្រ​កំពូលៗ​របស់​ចិន​អំពី​ផលប៉ះពាល់​លើ​ការស្រាវជ្រាវ​។​

​ក្នុង​ឆ្នាំ ២០១៧ អនុប្រធាន​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​លោក លូ ហ្វូ​ហឺ បាន​អំពាវនាវ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ការចេញផ្សាយ​សម្តី​របស់​គាត់​ត្រូវបាន​ហាមឃាត់​។​

​គណបក្ស CCP ក៏​បាន​រឹតបន្តឹង​លើ​សាកលវិទ្យាល័យ​ផងដែរ​។ ឧទាហរណ៍​ជាក់ស្តែង ក្នុង​ឆ្នាំ ២០១៦ លេខាធិការ​គណបក្ស​នៃ​សាកលវិទ្យាល័យ​ស៊ី​ង​ហួ បាន​និយាយថា ជំហរ​នយោបាយ​របស់​សមាជិក​នៃ​ដេប៉ាតេ​ម៉ង់​នានា នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​ខ្ពស់​ក្នុង​ការវាយតម្លៃ​លទ្ធផល​ការងារ​។​

​ចំពោះ​ផ្នែក​ក្រុមហ៊ុន​សាជីវកម្ម​វិញ លោក​ស៊ី​ផ្តល់​អាទិភាព​ដល់​វិស័យ​គ្រប់គ្រង​ដោយ​រដ្ឋ ទោះបីជា​ក្រុមហ៊ុន​មិនមែន​របស់​រដ្ឋ​ជាទូទៅ​មាន​ភាពស្វាហាប់​និង​មាន​ការច្នៃប្រឌិត​ថ្មីៗ​ក៏ដោយ​។​

​ខណៈពេល​ដែល​ក្រុមហ៊ុន​ឯកជន​នៅ​តែ​ត្រូវបាន​គេ​ផ្តល់​តម្លៃ ស្លាក​សុភាសិត​របស់​ពួកគេ​ត្រូវបាន​ច្រឹប​បោះចោល ដូចដែល​បាន​បង្ហាញ​នៅក្នុង​ការផ្អាក​បោះផ្សាយ​លក់​ភាគហ៊ុន (IPO) របស់​ក្រុមហ៊ុន Ant Group ។​

​ក្រុមហ៊ុន​ឯកជន​ឥឡូវ​នេះ​ត្រូវតែ​ទទួលយក​វត្តមាន​ធំ​ឡើង​របស់ CCP និង​ធ្វើឱ្យ​មាន​តុល្យភាព​រវាង​គោលដៅ​អាជីវកម្ម​របស់​ពួកគេ​ជាមួយ​គណបក្ស​កុម្មុយនីស្ត​។ នេះ​ទំនងជា​នឹង​រឹតត្បិត​ប្រសិទ្ធភាព​ថែមទៀត នៅពេល​ចិន​ព្យាយាម​ប្រែ​ការច្នៃប្រឌិត​ទៅ​ជា​សមិទ្ធ​ផល​។​

​បរិយាកាស​អន្តរជាតិ​ក៏​កាន់តែ​មិន​រាក់ទាក់​ចំពោះ​ការកើនឡើង​អំណាច​របស់​ចិន​ខ្ពស់​ជាង​សហរដ្ឋអាម៉េរិ​ក​ផងដែរ​។​

​មន្ត្រី​មក​ពី​សហភាព​អឺរ៉ុប​រហូតដល់​ប្រទេស​ជប៉ុន​កំពុង​ពិនិត្យ​ពិចារណា​យ៉ាង​ហ្មត់ចត់​ទៅលើ​ការវិនិយោគ​បច្ចេកវិជ្ជា​ខ្ពស់​ដែល​នឹង​មកដល់​នា​ពេលអនាគត​។ កាលពី​ខែ​តុលា ស៊ុយអែត​បាន​ក្លាយជា​ប្រទេស​ចុងក្រោយបង្អស់​ដែល​ហាមឃាត់​ក្រុមហ៊ុន Huawei ពី​បណ្តាញ 5G របស់ខ្លួន​។ ឥណ្ឌា​បាន​ហាមឃាត់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន​ជាង ២០០ ។​

​បរិយាកាស​អន្តរជាតិ​គួរឱ្យ​ព្រួយបារម្ភ​រួម​ជាមួយ​សមត្ថភាព​បច្ចេកវិជ្ជា​ខ្ពស់​ឡើងៗ​របស់​ចិន កំពុង​ពន្លឿន​ការជំរុញ​ស្វ័យភាព​នៃ​បច្ចេកវិជ្ជា​របស់​ប្រទេស​នេះ​។​

​កាលពី​ខែ​តុលា​ឆ្នាំ ២០២០ ក្រុម​មេដឹកនាំ​ចិន​បាន​ប្តេជ្ញា​ផ្តោត​ការខិតខំ​ប្រឹងប្រែង​លើ​ការពឹងផ្អែក​លើ​វិទ្យាសាស្ត្រ​និង​បច្ចេកវិជ្ជា​ខ្លួនឯង​។ ការប្តេជ្ញា​ចិត្ត​នេះ​ច្បាស់​ជា​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ដោយហេតុ​ថា​ចិន​មាន​ការរីកចម្រើន​ខ្លាំង​គួរឱ្យ​កត់សម្គាល់​រហូត​មកដល់​បច្ចុប្បន្ន​។​

​ទោះយ៉ាងណា បញ្ហា​ជាប់លាប់​មិន​ចេះ​ឈប់​របស់​ចិន​គួបផ្សំ​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​មក​ជាប់​រហូត​ទៀត មានន័យថា ជោគជ័យ​របស់​ចិន​លើ​ការ​ក្លាយ​ជា​មហាអំណាច​បច្ចេក​វិជ្ជា​នឹង​មិន​អាច​កើតឡើង​បានឡើយ​៕

យាន​ស្រាវជ្រាវ​ភព​ព្រះ​ចន្ទ​បញ្ជូន​សំណាក​មក​ផែនដី​កាលពីដើម​ខែ​ធ្នូ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular