ដោយៈតារារិទ្ធ/ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំអំពីវិធានការបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។ នេះបើតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០។
រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី៧ក្នុងគោលបំណងទី១. បន្តដាក់ចេញនិងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈម នឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់និងស្ដារអាជីវកម្មនិងធុរកិច្ចឲ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩និង ទី២.បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រនិងងាយរងគ្រោះតាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺ កូវីដ១៩។
សេចក្ដីណែនាំបានបញ្ជាក់ថាក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធនិងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្មវិធានការជុំទី៧ត្រូវបានរៀបចំឡើងនិងរួមមានដូចខាងក្រោម៖ទី១.វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ ស្បែកជើង,ផលិតផលធ្វើដំណើរ,កាបូបនិងវិស័យទេសចរណ៍។ទី២.វិធានការបន្តជួយវិស័យអាកាសចរណ៍។ទី៣.វិធានការជួយរោងចក្រ, សហគ្រាសនិងអាជីវកម្មក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិត។ទី៤.វិធានការទ្រទ្រង់កំណើន។ទី៥.ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុកនិងក្រៅស្រុក (Withholding Tax)និងទី៦.កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ៕