ប្រែសម្រួល : កញ្ញាដាលីស ៖រដ្ឋាភិបាលរបស់ពួកគេបាននិយាយថាកាតានិងក្រុងឌូបៃរបស់អេមីរ៉ាតអារ៉ាប់រួមបានចាប់ផ្តើមការជំរុញចាក់វ៉ាក់សាំងការពារវីរុសកូរ៉ូណាក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីគ្នាកាលពីថ្ងៃពុធទី២៣ធ្នូ ដោយមនុស្សចាស់និងបុគ្គលិកជួរមុខស្ថិតក្នុងចំណោមអ្នកដែលទទួលការចាក់វ៉ាក់សាំងមុនគេ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយក្រុងឌូបៃបានសរសេរលើ Twitter ថា នៅទីក្រុងឌូបៃ ពលរដ្ឋវ័យចំណាស់ម្នាក់បានស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលទទួលបានការចាក់វ៉ាក់សាំងខណៈក្នុងទីក្រុងដូហារបស់កាតា សាស្ត្រាចារ្យសាកលវិទ្យាល័យចូលនិវត្តន៍វ័យ៧៩ឆ្នាំគឺជាមនុស្សដំបូងគេបានចាក់វ៉ាក់សាំង។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ WAM បានរាយការណ៍ថា អេមីរ៉ាតអារ៉ាប់រួម ដែលមាននគរ ៧ រួមបញ្ចូលគ្នាក្នុងនោះមានរដ្ឋធានីអាប៊ូដាប៊ីនិងក្រុងឌូបៃបានយល់ព្រមចុះបញ្ជីបណ្តោះអាសន្ននូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech កាលពីថ្ងៃអង្គារ ជាថ្ងៃតែមួយដែលវ៉ាក់សាំងជុំដំបូងបានមកដល់ពីបរទេស។
ដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំងនឹងផ្តោតសំខាន់លើពលរដ្ឋនិងអ្នកស្រុកដែលមានអាយុលើសពី ៦០ ឆ្នាំ មនុស្សពេញវ័យដែលមានជំងឺរ៉ាំរ៉ៃ អ្នកដែលមានតម្រូវការពិសេសក៏ដូចជាបុគ្គលិកជួរមុខនិងអ្នកធ្វើការសំខាន់ៗផ្សេងទៀត។ ការចាក់គឺធ្វើឡើងដោយស្ម័គ្រចិត្ត។
មេមីរ៉ាតអារ៉ាប់រួមមកទល់ឥឡូវកត់ត្រាករណីកូវីដ១៩ជាង ១៩៧.០០០ ករណី រួមទាំងអ្នកស្លាប់ចំនួន ៦៤៥ នាក់។ កាតារាយការណ៍ ១៤២.៤៤៨ ករណី និងស្លាប់ ២៤៣ នាក់៕
បុគ្គលិកពេទ្យកំពុងចាក់វ៉ាក់សាំងឱ្យពលរដ្ឋវ័យចំណាស់ម្នាក់នៅទីក្រុងឌូបៃកាលពីថ្ងៃពុធទី២៣ធ្នូ