ដោយ: សុផល / ភ្នំពេញៈ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ កិច្ចប្រជុំនេះ បានអនុម័តកំណត់ កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
សម័យប្រជុំរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែធ្នូ នេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តរបៀបវារៈចំនួនពីរ គឺការប្រកាសសុពល នៃអាណត្តិតំណាងរាស្ត្រ ពីររូប មានលោក លី ស៊ុគ្រី ជាតំណាងរាស្ត្រថ្មី មណ្ឌលតាកែវ ជំនួសលោក សុខ សូកាន ដែលបានសុំលាលែង និងលោក សៅ ស៉ារ៉ាត់ ជាតំណាងរាស្ត្រថ្មី មណ្ឌលប៉ៃលិន ជំនួសលោកស្រី បាន ស្រីមុំ ដែលបានលាលែង។
ក្នុងសម័យប្រជុំរដ្ឋសភា នាពេលនោះ នឹងរៀបចំបោះឆ្នោតជ្រើសតាំង លោក ខៀវ ភារិទ្ធ ជាសមាជិកគណៈកម្មការ អបរំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ និងជ្រើសតាំងលោកស្រី នូ សុវណ្ណនី ជាសមាជិកគណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៕/V-PC