ប្រែសម្រួលៈវាសនា/សិង្ហបុរី៖សិង្ហបុរីបានបញ្ជាក់អះអាងអំពីការរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មីដែលអាចចម្លងមនុស្សខ្លាំងនិងដែលកំពុងរីករាលដាលនៅក្នុងប្រទេសអង់គ្លេស នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃពុធ។
អ្នកដែលផ្ទុកវីរុសកូរ៉ូណាប្រភេទB117 ជាស្ត្រីអាយុ១៧ឆ្នាំដែលសិក្សានៅអង់គ្លេសចាប់តាំងពីខែសីហាមក។នាងបានវិលមកសិង្ហបុរីកាលពីថ្ងៃ៦ធ្នូ ចាប់ក្តៅខ្លួនកាលពីថ្ងៃ៧ធ្នូ និងត្រូវបានបញ្ជាក់ថាមានវីរុសកូរ៉ូណាប្រភេទថ្មីនៅថ្ងៃ៨ធ្នូ។
ក្រសួងបាននិយាយថា «ឥឡូវអ្នកណាដែលបានទាក់ទងនាងត្រូវបានធ្វើចត្តាឡីស័ក និងធ្វើតេស្តិ៍អវិជ្ជមាននៅចុងរយៈពេលចត្តាឡីស័ក។បច្ចុប្បន្នមិនមានភស្តុតាងបង្ហាញថា វីរុសប្រភេទ B117 កំពុងឆ្លងនៅក្នុងសហគមន៍សិង្ហបុរីទេ»។
កាលពីថ្ងៃពុធ សិង្ហបុរីមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន២១ករណី នាំអោយប្រទេសនេះមានអ្នកឆ្លងសរុបតាំងពីមុនមកចំនួន៥៨.៤៨២នាក់៕
បុគ្គលិកអាកាសយានដ្ឋាន ក្នុងឈុតការពារវីរុសនិងម៉ាស់មុខ នៅអាកាសយានដ្ឋាន ឆាងហ្គី