ដោយៈតារារិទ្ធ/ភ្នំពេញ៖រាជរដ្ឋាភិបាលបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោតជិតក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ,ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូបនិងវិស័យ ទេសចរណ៍ និង ការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ,ផ្ទះសំណាក់,ភោជនីយដ្ឋាននិងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដារនិងមានសកម្មភាព អាជីវកម្មនៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប,ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែតសម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត ។
បន្ទាប់ពីបានពិនិត្យ,ថ្លឹងថ្លែងនិងផ្លាស់ប្តូរយោបល់លើស្ថានភាពសង្គម-សេដ្ឋកិច្ច,ពាណិជ្ជកម្មនិងវិនិយោគទាំងក្នុងក្របខណ្ឌសកលលោក,តំបន់និងក្នុងស្រុករាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែមជុំទី ៧ ក្នុងគោលបំណងដាក់ចេញនិងអនុវត្តវិធានការរក្សាលំនឹងអាជីវកម្មខណៈដែលកម្ពុជាកំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ ១៩ ក៏ដូចជាទ្រទ្រង់និងស្តារអាជីវកម្មនិងធុរកិច្ចឱ្យងើបឡើងវិញដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ ។
បន្ទាប់ពីរោងចក្រ-សហគ្រាសនិងអាជីវកម្មក្នុងវិស័យកាត់ ដេរ-វាយនភណ្ឌ,ស្បែកជើង, ផលិតផល ធ្វើដំណើរ,កាបូបនិងវិស័យទេសចរណ៍ទទួលបានលិខិតអនុញ្ញាតឱ្យ ព្យួរកិច្ចសន្យាការងារនិង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យរកិច្ចសន្យាការងារពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យនិងលក្ខ ខណ្ឌនៃការព្យរកិច្ចសន្យាការងាររាជរដ្ឋាភិបាលកម្ពុជានឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករ-និយោជិត ០១ នាក់ដែលបំពេញការងារក្នុង វិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរនិងកាបូបសម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែ មករាដល់ខែមីនា ឆ្នាំ ២០២១ ។ ម្ចាស់រោងចក្រ- សហគ្រាសក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិកសម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុបកម្ម ករនិយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។
រាជរដ្ឋាភិបាលបន្តផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែជូនកម្មករ-និយោជិត០១នាក់ដែលបំពេញការ ងារក្នុងវិស័យទេសចរណ៍ដូចជា៖ សណ្ឋាគារ,ផ្ទះសំណាក់ , ភោជនីយដ្ឋាននិងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល០៣ខែបន្ថែមទៀតពីខែមករាដល់ខែមីនាឆ្នាំ២០២១ ។សហគ្រាសនិងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្តនិងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។
បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ,ផ្ទះសំណាក់,ភោជនីយដ្ឋាននិងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារនិងមានសកម្មភាព អាជីវកម្មនៅក្នុងរាជធានីភ្នំពេញ,ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀតពីខែ មករា ដល់ខែ មីនាឆ្នាំ ២០២១។ អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាស ពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រង អាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់អំឡុងពេលនៃការលើកលែងនេះ ៕