Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជ្ញាធរខេត្ត...

អាជ្ញាធរខេត្ត សម្រេច​ផ្តល់​ផ្លូវ​កៅស៊ូ​អា​សេ មួយ​ខ្សែ​ទៀត ដល់​ក្រុង​កំពង់ចាម​

ដោយៈ គង់​ហេង / កំពង់ចាមៈ ដើម្បី​លើក​សោភ័ណភាព ក្រុង​កំពង់ចាម ឱ្យ​កាន់​តែមាន ភាព​ទាក់ទាញ សម្រាប់​វិស័យ​ទេសចរណ៍ គឺ​អាជ្ញាធរខេត្ត បានសម្រេច​បញ្ចេញ​ថវិកា​កែច្នៃ ចាក់​អ៊ុត​ផ្លូវ ក្រាល​កៅស៊ូ ប្រភេទ​អា​សេ (AC) មួយ​ខ្សែ​បន្ថែមទៀត​ក្រោយពី​បាន​អនុវត្ត រួចរាល់ ១០០ ភាគរយ ចំនួន បី​ខ្សែ នា​សប្តាហ៍ កន្លងទៅ​។​

​មន្ត្រី​សាលាខេត្ត​កំពង់ចាម បាន​និយាយ នៅ​រសៀល​ថ្ងៃទី​២៣ ធ្នូ​ថាៈ រដ្ឋបាលខេត្ត បានសម្រេច​បញ្ចេញ​ថវិកា សម្រាប់​គម្រោង ឆ្នាំ​២០២០ ដើម្បី​ចាក់​អ៊ុត​ផ្លូវ ក្រាល​កៅស៊ូ អា​សេ ខ្សែ​ទី​៤ ប្រវែង ៨៤០ ម៉ែត្រ និង​ទទឹង ៨ ម៉ែត្រ លើ​កំណាត់​ផ្លូវ​កម្ពុជា​ក្រោម ចាប់ពី​រង្វង់​មូល ១-៧៩ រហូតដល់​ផ្សា​របឹង​កុក ស្ថិតនៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​។​

​ប្រភពព័ត៌មាន​នោះ បាន​បន្តថាៈ ជាមួយ​នោះ នៅ​រសៀល​ថ្ងៃទី ២៣ ធ្នូ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​អមដំណើរ​ដោយ​លោក ឃ​ន ប្រុស នាយក​រដ្ឋបាល​សាលាខេត្ត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ​ការដ្ឋាន ខាងលើ ដោយ​លោក​អភិបាលខេត្ត បាន​សុំ​ការយោគយល់ អធ្យាស្រ័យ​ពី សំណាក់​ប្រជាពលរដ្ឋ រស់នៅ​អម​សងខាង​ផ្លូវ ជា​ការដ្ឋាន និង​អ្នកដំណើរ​ទាំងអស់ ចំពោះ​ផលប៉ះពាល់ ដោយ​ប្រការ​ណាមួយ​រហូត បញ្ចប់​ការដ្ឋាន​នេះ​។​

​គួរ​បញ្ជាក់ថា នៅ​ចុងឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានសម្រេច​បញ្ចេញ​ថវិកា ជួសជុល​ស្តារឡើងវិញ ពី​ផ្លូវ​ក្រាល​កៅស៊ូ​ធម្មតា ក្លាយជា​ផ្លូវ​ប្រភេទ កៅស៊ូ​អា​សេ រលោង​ភ្លឺ​ស្អាត ចំនួន បួន ខ្សែ ដែលមាន​ប្រវែង​សរុប ចំនួន ៣.៦៨៥ ម៉ែត្រ ដើម្បី​ក្រុង កំពង់ចាម កាន់​តែមាន​សោភ័ណភាព សក្តិសម​ជាទី​ក្រុង ជ័យលាភី​រំដួល​បី​ទង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular