ដោយៈ សរិទ្ធ / ភ្នំពេញៈ បុរសជនជាតិឥណ្ឌាម្នាក់ ដោយសារខឹងរឿងជំពាក់លុយ ជាង ៥.០០០ ដុល្លារ អត់សង បានចាក់សោរបង្ខាំង បុរសជនជាតិឥណ្ឌា ម្នាក់ទៀត ក្នុងបន្ទប់ រយៈពេល ៤ ថ្ងៃ មិនឱ្យចេញទៅណា ដែលករណីនេះ បានបង្កឱ្យផ្អើល ដល់សមត្ថកិច្ច កាលពីវេលាម៉ោង ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅភោជនីយ ដ្ឋានកាហ្វេ «មេហ្គាឡូ» ម្តុំគីឡូម៉ែតលេខ៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ ។
ស្ត្រីម្នាក់ ជាម្ចាស់ហាង នៅម្តុំបារបារាំង បានអោយដឹងថាៈ មុនពេលកើតហេតុ បុរសម្នាក់ ដែលជាជនជាតិឥណ្ឌា មិនស្គាល់អត្តសញ្ញាណនោះទេ តែងតែទៅហាងរបស់គាត់ អង្គុយផឹកស៊ី។ នៅពេលកើតហេតុ ស្រាប់តែជនរងគ្រោះ ជាជនជាតិឥណ្ឌា រូបនោះ បានទូរស័ព្ទ មកប្រាប់ឲ្យជួយបកប្រែថា គាត់កំពុងតែត្រូវគេ ចាប់ឃុំ នៅក្នុងផ្ទះនៅផ្លូវ ជាតិលេខ៥ នៅចំណុចមុខភោជនីយដ្ឋាន កាហ្វេ មេហ្គាឡូ រយៈពេល ៤ ថ្ងៃមកហើយ អត់អោយបាយទឹក និងចេញទៅក្រៅនោះទេ ទើបគាត់លួចយកទូរស័ព្ទដៃ មកទូរស័ព្ទ អោយជួយប្តឹងសមត្ថកិច្ចមូលដ្ឋាន ។
បន្ទាប់ពីទទួលបានព័ត៌មាននេះហើយ ស្ត្រីជាម្ចាស់ហាង បានជិះម៉ូតូទៅដល់កន្លែង កើតហេតុ ឃើញបន្ទប់ចាក់សោ ពីខាងក្រៅ ក៏បានប្តឹងសមត្ថកិច្ច ផ្អើលបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរកន្លែងកើតហេតុ ចោមរោមមើល អស់រយៈពេលជិតមួយម៉ោង ទើបសមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ និងជនរងគ្រោះ យកទៅប៉ុស្តិ៍នគរបាល ច្រាំងចំរេះ២ ដើម្បីសួរនាំ ។
បុរសជនជាតិឥណ្ឌា ជាអ្នកចាក់សោជនរងគ្រោះ ពីខាងក្រៅ បានបញ្ជាក់ថា មកពីជន រងគ្រោះនេះ ជំពាក់លុយជាង ៥.០០០ ដុល្លារ ហើយអត់សង ទើបគាត់ចាក់សោរ មិនអោយទៅណា ខ្លាចរត់គេចខ្លួន បែរជាផ្អើលថា ជាករណីចាប់ជំរិតទៅវិញ។
ក្រោយពេលកើតហេតុ ខាងលើនេះ សមត្ថកិច្ច បានឃាត់ខ្លួនភាគីទាំងសងខាង ជាបណ្តោះអាសន្ន ដើម្បីធ្វើកិច្ចសន្យា រួចហើយឲ្យត្រឡប់ទៅផ្ទះវិញ ៕/V-PC