ប្រែសម្រួល : កញ្ញាដាលីស/ឡុងដ៍ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក ម៉ាត ហានខុក និយាយកាលពីថ្ងៃពុធ (ថ្ងៃទី ២៣ ធ្នូ) ថា ការបំលែងខ្លួនថ្មីនៃវីរុសកូរ៉ូណាដែលកាន់តែឆ្លងខ្លាំងជាងមុន ត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេសក្នុងករណីឆ្លងជាច្រើនដែលមានទំនាក់ទំនងជាមួយអាហ្វ្រិកខាងត្បូង។
ក្រសួងសុខាភិបាលអាហ្វ្រិកខាងត្បូងបាននិយាយកាលពីសប្តាហ៍មុនថាការប្រែប្រួលហ្សែនថ្មីនៃវីរុសកូរ៉ូណាត្រូវបានរកឃើញហើយអាចទទួលខុសត្រូវចំពោះការកើនឡើងនៃករណីឆ្លងថ្មីៗនៅទីនោះ។
លោកហានខុកបានប្រាប់សន្និសីទសារព័ត៌មានថា “ដោយសារសមត្ថភាពផ្នែកហ្សែនរបស់អាហ្វ្រិកខាងត្បូង យើងបានរកឃើញវីរុសកូរ៉ូណាបំលែងខ្លួនថ្មីចំនួន ២ករណីផ្សេងទៀតនៅចក្រភពអង់គ្លេស”។
លោកបន្តថា “អ្នកទាំងពីរគឺជាអ្នកទាក់ទងករណីដែលបានធ្វើដំណើរពីអាហ្វ្រិកខាងត្បូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ”។
ចក្រភពអង់គ្លេសកំពុងព្យាយាមរួចជាស្រេចដើម្បីទប់ស្កាត់ការឆ្លងរាលដាលមេរោគកូរ៉ូណាប្រែរូបរាងថ្មី ដែលអាចឆ្លងខ្លាំងជាងមុន ៧០ ភាគរយហើយការសិក្សាច្រើនទៀតកំពុងធ្វើឡើងលើការប្លែងខ្លួនរបស់វីរុសថ្មីនេះ។
លោកហានខុកនិយាយថា “មេរោគកូរ៉ូណាបំលែងខ្លួនថ្មីនេះគឺគួរឱ្យបារម្ភខ្លាំង ពីព្រោះវាឆ្លងរឹតតែខ្លាំងជាងមុន ហើយវាទំនងប្រែរូបខ្លាំងជាងវីរុសប្រភេទមុន ដែលបានរកឃើញនៅចក្រភពអង់គ្លេស”៕
មេរោគកូរ៉ូណាបំលែងរូបថ្មីមួយទៀតរកឃើញនៅអង់គ្លេស ហើយឆ្លងរឹតតែខ្លាំងជាងមុន