Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​ទីតា...

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​ជល់​មាន់ តាម​អន​ឡាញ និង​ឡូតូ ឃាត់ខ្លួន​មនុស្ស បីនាក់​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ គណៈបញ្ជាការ​ឯកភាព ខណ្ឌទួលគោក ក្រោយពី​ទទួលបាន បទបញ្ជា ពី​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព ខណ្ឌទួលគោក បាន​ចុះបង្ក្រាប​ជាក់ស្ដែង ទីតាំង​ល្បែងភ្នាល់ ជល់​មាន់ តាម​អន​ឡាញ និង​ឡូតូ ដោយបាន​ឃាត់ខ្លួន មនុស្ស​ប្រុស​ស្រី បីនាក់ រួមទាំង​សម្ភារៈ​មួយចំនួន កាលពី រសៀល ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ មនុស្ស​ប្រុស​ស្រី​ទាំង បីនាក់ ដែល​ត្រូវបាន​ឃាត់ខ្លួន រួមមាន ទី​១.​ឈ្មោះ សូខ ខៀន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ​, ទី​២​។​ឈ្មោះ សុខ ថាវ​រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ និង​ទី​៣. ឈ្មោះ ភឹម សុខ​ខេង ភេទ​ស្រី អាយុ ២៧​ឆ្នាំ​។​

​ប្រភព​ដដែល បានឱ្យដឹង​បន្ថែមថាៈ ទីតាំង​បើក​ល្បែងភ្នាល់ តាម​អន​ឡាញ ជល់​មាន់ និង​ឡូតូ ត្រូវបាន​មន្ត្រី​ជំនាញ​មូលដ្ឋាន បាន​ចុះ​ធ្វើ​កិច្ចសន្យា និង​បិទ​ម្ដង​រួចមកហើយ តែ​មិនបាន​ប៉ុន្មាន​ផង ម្ចាស់​ទីតាំង នៅតែ​ផ្គើន​នឹង​បញ្ជា​របស់​ថ្នាក់ដឹកនាំ​ទើប​នៅ​រសៀល ថ្ងៃទី​២៣​ខែធ្នូ នេះ លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​បាន​បញ្ជា​ឱ្យកម្លាំង គណៈបញ្ជាការ​ឯកភាព ចុះបង្ក្រាប​ជាក់ស្ដែង​តែម្ដង ដោយ​ឃាត់ខ្លួន​មនុស្ស បីនាក់ និង​ដកហូត​ទូរទស្សន៍ ចំនួន ៣ គ្រឿង កុំព្យូទ័រ ១​គ្រឿង ម៉ាស៊ីន​ព្រី​ន​បុ​ង​ចាក់ ១ គ្រឿង​។ ក្រោយ​ការបង្ក្រាប​នោះ សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​បីនាក់​នេះ ទៅ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បានលើកឡើង​ថាៈ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​រួចហើយ​ថា ផ្សា​រណា អនុញ្ញាត​អោយមាន​កត់​កន្ទុយ លេខ ក្នុង​ផ្សារ ត្រូវ​ដក​ប្រធាន​ផ្សារ​ចេញ ទោះ​មន្ត្រី​ខ្សែ​ធំ​ប៉ុណ្ណា​ក៏ដោយ ឱ្យតែ​ពុករលួយ កាង​ពួក​ល្បែង​ខុសច្បាប់ និង​គ្រឿងញៀន នឹងត្រូវ​ប្រើ​អភិក្រម របស់​សម្ដេច វះកាត់ ដក​ចោល​ភ្លាមៗ​តែម្តង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular