ដោយៈ ទេពកង្រី/កំពង់ឆ្នាំងៈ កងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនចាងហ្វាង គេហទំព័រ អឹមអេសអឹម (MSM) នៅព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅតាមផ្លូវជាតិលេខ៥ ខាងមុខ ផ្សារទួលក្រឡាញ់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ពាក់ព័ន្ធ នឹងករណី ដើរកេណ្ឌប្រជាពលរដ្ឋ ឲ្យទៅចាប់យកដីមានប្លង់ ស្របច្បាប់របស់គេ ។
លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកដឹកនាំការបង្ក្រាបនេះ ដោយមានការសម្របសម្រួល ពីលោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត បានឱ្យដឹងថាៈ ជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធ ហត្ថខេត្ត ឃាត់ខ្លួនមានឈ្មោះ អេង ណារ៉ុង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានមុខរបរ ជាចាងហ្វាងសារព័ត៌មាន គេហទំព័រ អឹមអេសអឹម (MSM) មានលំនៅ នៅក្នុងភូមិ អូរសណ្តាន់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ទន្ទឹមនឹងនេះ សមត្ថកិច្ចបានដក ហូតរថយន្ត ម៉ាក Lexus RX300 ពាក់ស្លាកលេខ ព្រះសីហនុ 2A6300 ពណ៌សូកូឡា ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO កាតសម្គាល់ខ្លួនអ្នកសារព័ត៌មាន មួយសន្លឹក។
លោកបានឱ្យដឹងទៀតថាៈ ករណីឃាត់ខ្លួនជនសង្ស័យ ខាងលើនេះ ពាក់ព័ន្ធពីបទ ញុះញង់អោយប្រព្រឹត្តបទឧុក្រិដ្ឋជាអាទិ៍ និងកំហែងយក និងគំរាមថា នឹងសម្លាប់ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំស្គារ ស្រុកទឹកផុស.ខេត្ត កំពង់ឆ្នាំង។
ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បានឲ្យដឹង តាមទូរស័ព្ទ នៅវេលាម៉ោងជិត ១១ ថ្ងៃទី២៤ ធ្នូនេះថាៈ ការឃាត់ខ្លួនចាងហ្វាង សារព័ត៌មានរូបនេះ ពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋ អោយចូលកាន់កាប់ដីគេ ដែលមានប្លង់ត្រឹមត្រូវ និងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋ និងមិនមានចុះបញ្ជីការ នៅមន្ទីសារព័ត៌មានក្នុងខេត្ត នោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថខេត្តកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ហើយលោក បានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរ ដើម្បីអនុវត្តបន្ត តាមនីតិវិធី នៅថ្ងៃនេះដែរ ៕/V-PC