ដោយៈ គង់ហេង / កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើឱ្យមន្ត្រី ជាប្រធានមន្ទីរ អង្គភាព ដែលពាក់ព័ន្ធទាំងអស់ អនុវត្តគម្រោងនីមួយៗ ឱ្យបានចប់ តាមការកំណត់ ដោយធ្វើការសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ឱ្យបានល្អក្នុងការកសាង កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២១ ២០២៣។
ក្នុងការចូលរួមបិទកម្មវិធី ពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ បីឆ្នាំរំកិល (២០២១-២០២៣) នៅមន្ទីរផែនការខេត្តកំពង់ចាម នៅថ្ងៃទី២៣ ធ្នូ លោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត បានមានប្រសាសន៍ថា លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ត្រូវប្រើប្រាស់ ឱ្យអស់លទ្ធភាពធនធាន ដែលបានពីថ្នាក់ជាតិ តាមរយៈក្រសួង ឬធនធាន ជាដៃគូនានា ដើម្បីបន្តអភិវឌ្ឍន៍ ជារៀងរាល់ឆ្នាំ គឺធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋ ទាំងអស់ មានភាពប្រសើរឡើង និងចូលរួម ដោះស្រាយ បញ្ហាប្រឈម នៅមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។
លោកអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ទៀតថាៈ ការរៀបចំកសាងកម្មវិធី វិនិយោគ បីឆ្នាំរំកិលនេះ ពិតជាឆ្លើយតបនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលពី៤ អាណត្តិទី៦ នៃរដ្ឋសភា និងគោលនយោបាយ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យ៉ាងពិតប្រាកដនោះ។ មន្ទីរផែនការ ត្រូវកែសម្រួលឯកសារ កម្មវិធីពិគ្រោះយោបល់ ថ្ងៃនេះ ហើយដាក់ជូនក្រុមប្រឹក្សាខេត្ត អនុម័ត ដើម្បីយកទៅអនុវត្ត ឆ្នាំ២០២១ ខាងមុខ។
លោក អ៊ុន ចាន់ដា បានបន្ថែមថាៈ ក្រុមការងារ ត្រូវកសាងផែនការខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវត្រៀមខ្លួន ប្រមូលតម្រូវការ ជាអាទិភាព របស់មូលដ្ឋានដើម្បីដាក់ក្នុង ផែនការ យុទ្ធសាស្ត្រថវិកា បានទាន់ពេល៕/V-PC