ដោយ: ពៅនិមល/ភ្នំពេញ: លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះបានដឹកនាំក្រុមការងារជំនាញ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើការប្រមូលពន្ធលើសេវាឌីជីថល (Digital Services Tax) ជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធអនឡាញ។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋលេខាធិការ បានលើកឡើងនូវធាតុចូលចាំបាច់មួយចំនួន ដើម្បីឱ្យអង្គប្រជុំពិនិត្យនិងពិចារណាពាក់ព័ន្ធនឹងការប្រមូលពន្ធនេះ ក៏ដូចជានិន្នាការ អន្តរជាតិនិងតំបន់ចំពោះការកំណត់ពន្ធលើផលិតផលនិងសេវាឌីជីថលអំពីកាតព្វកិច្ច ផ្នែកពន្ធដែលជាការប្តេជ្ញាចិត្តរបស់ព្រះរាជាណាចក្រកម្ពុជានៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្របខណ្ឌគតិយុត្តពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិកនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិច ត្រូនិកឆ្លងដែន (Cross-border E-Commerce)។
ជាមួយគ្នានេះ លោកបានបង្ហាញនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងទាំងពីរ ខាងលើ នៅក្នុងការបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ និងស៊ីជម្រៅអំពីយន្តការ និងនីតិវិធីនៅក្នុងការប្រមូលពន្ធលើសេវាឌីជីថលក្នុងកម្រិត សកល និងតំបន់ ដោយនឹងសហការជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធក៏ដូចជាវិស័យ ឯកជន។
ទន្ទឹមនេះ លោក សុខ សុភ័ក្ត្រ បានជំរុញឲ្យមានការសិក្សាអោយលម្អិតបំផុត ទាំងការ ប្រមូលទិន្នន័យសម្រាប់វិភាគ និងការវាយតម្លៃលើផលប៉ះពាល់ និងកាលានុវត្តភាពចេញ ពីការយកពន្ធលើសេវាឌីជីថលនេះ ដើម្បីធានាថា គោលនយោបាយប្រមូលពន្ធលើ សេវាឌីជីថលនេះ ផ្តល់តម្លាភាព សមធម៌ និងតុល្យភាពជូនក្រុមហ៊ុនឯកជនផ្តល់សេវា ឌីជីថល អ្នកប្រើប្រាស់សេវាឌីជីថល និងស្ថាប័នអនុវត្តគោលនយោបាយនេះផងដែរ៕/PC