ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ និយ័តករចិននៅថ្ងៃព្រហស្បតិ៍ទី២៤ធ្នូនេះបានប្រកាសការស៊ើបអង្កេតប្រឆាំងនឹងភាពផ្តាច់មុខលើក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច Alibaba Groupដែលនេះជាការបង្កើនកិច្ចខិតខំប្រឹងប្រែងជាផ្លូវការដើម្បីរឹតបន្តឹងការគ្រប់គ្រងលើឧស្សាហកម្មបច្ចេកវិជ្ជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។
និយ័តករទីផ្សារបាននិយាយថាខ្លួនកំពុងស៊ើបអង្កេតលើគោលនយោបាយ “ជ្រើសយកមួយក្នុងចំណោមពីរ” របស់ Alibaba ដែលតម្រូវឱ្យដៃគូអាជីវកម្មចៀសវាងការចាប់ដៃគ្នាជាមួយគូប្រជែង។សេចក្តីថ្លែងការណ៍មួយប្រយោគនេះមិនបានផ្តល់ព័ត៌មានលម្អិតអំពីការពិន័យដែលអាចកើតមានឬពេលវេលាកំណត់ដើម្បីប្រកាសលទ្ធផលស៊ើបអង្កេតនោះទេ។
ក្រុមមេដឹកនាំចិនបាននិយាយថាមុននេះថា អាទិភាពសេដ្ឋកិច្ចនៅក្នុងឆ្នាំខាងមុខនេះគឺត្រូវពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងភាពផ្តាច់មុខ។ ពួកមេដឹកនាំចិនហាក់កំពុងខ្វល់ខ្វាយខ្លាំងរឿងរឹតបន្តឹងការគ្រប់គ្រងលើក្រុមហ៊ុន Alibaba និងក្រុមហ៊ុនអ៊ីនធឺណេតលេចធ្លោដទៃទៀតដែលកំពុងពង្រីកខ្លួនទៅផ្នែកហិរញ្ញវត្ថុ ការថែទាំសុខភាពនិងអាជីវកម្មផ្សេងទៀត។
លោក ជែក ម៉ា ស្ថាបនិក Alibaba គឺជាសហគ្រិនមានជាងគេបំផុតរបស់ចិននិងជាបុគ្គលម្នាក់ក្នុងចំណោមឥស្សរជនល្បីឈ្មោះរបស់ប្រទេស។
និយ័តករមុននេះបានបង្ខំឱ្យផ្អាកការចេញលក់ហ៊ុនដំបូងរបស់ក្រុមហ៊ុន Ant Group ដែលជាវេទិកាហិរញ្ញវត្ថុតាមអ៊ីនធឺណេតបង្កើតដោយក្រុមហ៊ុន Alibaba ។
សេចក្តីប្រកាសដាច់ដោយឡែកមួយនៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា មន្ត្រីរបស់ក្រុមហ៊ុន Ant ត្រូវបានកោះហៅឱ្យទៅជួបជាមួយនិយ័តករ៕
លោកជែក ម៉ា ស្ថាបនិកក្រុមហ៊ុន Alibaba