ដោយ: ពៅនិមល/ភ្នំពេញ: ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀតអំពីការផ្គត់ផ្គង់ក៏ដូចជាតម្លៃ លក់លើទីផ្សារសព្វថ្ងៃ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទអំពាវនាវ ដល់អ្នកអនុវត្តគម្រោងត្រូវតែគិតគូរពីទីផ្សាររបស់កសិករ ពោលគឺត្រូវរៀបចំបណ្តាញ ឬបណ្តុំនៃការដាំដុះបណ្តាក់គ្នា និងត្រូវមានកិច្ចសន្យាប្រមូលទិញឱ្យបានច្បាស់លាស់។
ក្នុងឱកាសចុះពិនិត្យជលផលនេសាទ កាលពីថ្មីៗកន្លងទៅនេះនៅស្រុកពញាឮ ខេត្តកណ្តាល លោក វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ការដាំដុះបន្លែ នៅចុងរដូវនេះជារដូវធ្លាក់ខ្យល់ ត្រជាក់ ហើយការដាំដុះរបស់កសិករគ្រប់ទីកន្លែង គឺទទួលបានផលសម្រាប់ផ្គត់ផ្គង់ ការហូបចុកស្ទើរគ្រប់ៗគ្នា ក្នុងនោះចំពោះកសិករ នឹងជួបបញ្ហាអំពីរការធ្លាក់ថ្លៃនៅតាម ទីផ្សារផងដែរ។ ដើម្បីឱ្យជួយកសិករ និងចៀសវាងបញ្ហាធ្លាក់ថ្លៃនៅតាមទីផ្សារដូចពេល កន្លងមកនេះ លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកអនុវត្តគម្រោងនៃការដាំដុះទាំងអស់ ក្នុងនោះបើបណ្តុះបណ្តាលបង្កើតគម្រោងជួយកសិករ គឺត្រូវគិតគូរអំពីទីផ្សារជូនដល់ ពួកគាត់ ដូចជាការបង្កើតជាបណ្តាញ ឬជាបណ្តុំនៃការដាំដុះបន្ទាក់តៗគ្នា នឹងត្រូវមាន កិច្ចសន្យាជាមួយកសិករក្នុងការប្រមូលទិញមកវិញ ដើម្បីចៀសវាងការជន់ជោរបន្លែ ផ្លែឈើរនៅតាមទីផ្សារ ដែលអាចធ្វើឲ្យប៉ះពាល់ប្រាក់ចំណូលរបស់ប្រជាកសិករ។
ទាក់ទិននឹងការដាំដុះខាងលើនេះដែរ លោករដ្ឋមន្ត្រីកសិករមានប្រសាសន៍ថាឥឡូវនេះ មានក្រុមហ៊ុន ប្រមាណ ២ទៅ៣ហើយ បានកំពុងចាប់ផ្តើមបោះទុនវិនិយោគ ដើម្បីផលិត ចេញជាផលិតផលល្អ ផលិតផលស្អាត ឈានទៅតាមសេចក្តីត្រូវការរបស់ប្រជាជន ពោលគឺជាបន្លែមិនប្រើប្រាស់ថ្នាំពុល និងជាបន្លៃដើម្បីសុខភាពនឹងត្រូវធ្វើឡើងទៅតាម ទំហំនៃសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនោះយើងមិនអាចពង្រីកក្នុងទ្រង់ទ្រាយធំហើយមិនទាន់ បានពង្រីកទីផ្សារនោះឡើយ ព្រោះបច្ចុប្បន្នប្រជាជនយើងភាគតិចណាស់ ដែលគិតថា របស់ស្អាតគួរពិសារ ឬមិនពិសារ ចំណែកប្រជាជនមួយចំនួនធំច្រើនទិញរបស់ដែល មានតម្លៃទាប ដូច្នេះយើងត្រូវបែងចែកតំបន់នៃដាំដុះ ដើម្បីជម្រុះការផ្គត់ផ្គង់ឲ្យចំគោលដៅ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដាំដុះបន្លែនៅស្រុកស្អាង ខេត្តកណ្តាលកាលពីពេលកន្លង ទៅនេះ បានត្អូញត្អែរអំពីតម្លៃលក់ចេញបន្លែនៅតាមទីផ្សារ ជាពិសេសទីផ្សារលក់ដុំ នៅរាជធានីភ្នំពេញមានការធ្លាក់ចុះ ដែលធ្វើឲ្យពួកគាត់បាត់បង់ចំណូលក្រោយពីការទូទាត់ ចំណាយថ្លៃដើមនៃការដាំដុះក្នុងមួយរដូវៗ ៕/PC